 
                                    
                                    លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តអំពាវឲ្យឪពុកម្ដាយ អាណាព្យាបាលសិស្សត្រូវយកចិត្តទុកដាក់ ក្នុងការតាមដានការសិក្សារបស់កូន
ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីជួបជុំឪពុក ម្ដាយ និង ពិព័រណ៍ស្នាដៃសិស្ស ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃសៅរ៍ទី៣០ ខែសីហា ឆ្នាំ ២០២៥លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបចូលរួមជាគណៈ អធិបតី ក្នុងកម្មវិធី ជួបជុំឪពុកម្ដាយ និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៥ នៅអនុវិទ្យាល័យ អរញ្ញរង្សី ដែល ជាសាលាជំនាញថ្មីទីមួយក្នុងខេត្តសៀមរាប ស្ថិតនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុក ប្រាសាទបាគងខេត្តសៀមរាប ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកស្រីសូមអំពាវនាវ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអាជ្ញាធរសហគមន៍ ឪពុកម្ដាយ អាណាព្យាបាល ជួយយកចិត្តទុកដាក់ ក្នុងការតាមដានការសិក្សារបស់កូន ចៅ របស់យើងទាំងអស់គ្នាពិសេសជួយគាំទ្រដល់ កម្មវិធីសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ដើម្បីឱ្យមានដំណើរការកាន់តែប្រសើរឡើងថែមទៀតព្រោះថា ដៃគូរអភិវឌ្ឍ និង សហគមន៍ ជាដៃគូរដែលមិនអាចខ្វះបានសម្រាប់អប់រំ ។
លោកស្រីអភិបាលរង ក៏សូមថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួម លើក ទឹកចិត្ត និងទស្សនា ស្នាដៃសិស្ស ព្រមទាំង ចែករំលែកបទពិសោធន៍ នៃការ អប់រំកូនៗ នៅតាមសហគមន៍ផ្សេងៗគ្នា ពិសេសគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ទាំងអស់ដែល បានចំណាយកម្លាំងកាយ កម្លាំងចិត្ត ក្នុងការរៀបចំ គម្រោង ស្នាដៃសិស្ស ព្រមទាំងបានសហការគ្នាគាំទ្រយ៉ាងពេញទំហឹង ធ្វើឱ្យដំណើរការទិវាជួបឪពុកម្ដាយ និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា ក្នុងឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន ៕ 
  
  
  
  
  
  
  
 
 
  
 