
(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប ប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប កុំមានការព្រួយបារម្ភខ្លាចមិនបានចាក់វ៉ាក់សាំងកូវិដ១៩
ចេញផ្សាយថ្ងៃអង្គារ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២១
ការិយាល័យកណ្តាល 017778289/0882476167
ខេត្តសៀមរាប = តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមបានមានប្រសាសន៍ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប កុំមានការព្រួយបារម្ភ ខ្លាចថាខ្លួនមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលយកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប នាថ្ងៃស្អែកនេះ ។
ឯកឧត្ដម មានប្រសាសន៍ទៀតថា វ៉ាក់សាំងដែលត្រូវចាក់នោះ គឺជាប្រភេទវ៉ាក់សាំង Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយឥតគិតថ្លៃ ហើយលក្ខខ័ណ្ឌនៃការចាក់គឺងាយៗ ឲ្យតែបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាក់ មានអាស័យដ្ឋានក្នុងក្រុងសៀមរាប និង មានឯកសារបញ្ជាក់ទីលំនៅត្រឹមត្រូវ ព្រមទាំងគ្រប់លក្ខខ័ណ្ឌសុខភាពរបស់ក្រសួងសុខាភិបាល គឺនឹងចាក់បានភ្លាម ដោយឥតគិតថ្លៃ ហើយប្រសិនបើមានចម្ងល់បន្ថែមពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ បងប្អូនអាចទាក់ទងលេខទំនាក់ទំនង Hot Line 012545943 / 017808884 / 010507567 / 0972468147 ។
ឯកឧត្ដមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ចំណុចដែលបងប្អូនមិនត្រូវភ្លេចនោះ គឺ
១. រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ ។
២. សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន ។
៣. ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរង់ចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤. សូមសហការជាមួយចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។
៥. ចំពោះប្រជាជនក្រៅខេត្តសៀមរាបសូមរង់ចាំវ៉ាក់សាំងដែលគណៈកម្មការបានចាត់ចែងទៅតាមបណ្តាខេត្តរបស់លោកអ្នក ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ដោយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងសៀមរាប ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំង ដែលបានកំណត់ចំនួន ៣៨ ទីតាំង ពេលព្រឹកចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ នាទី ។
ការចាក់វ៉ាក់សាំងតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ មានឯកសារ (ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬលិខិតបញ្ជាក់ពីអាជ្ញាធរ ប៉ុន្តែត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត នូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ « ៣ការពារ និង៣កុំ » និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឲ្យបានល្អប្រសើរ ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប