(គេហទំព័រពន្លឺខ្មែរអមតៈ) អបអរសាទរទិវា រុក្ខទិវា ៩ កក្កដា!

ចេញផ្សាយថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១

ការិយាល័យកណ្តាល 017778289/0882476167

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិការនាយកដ្ឋានធនធានមនុស្ស តំណាងលោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានដឹកនាំមន្រ្តីរាជការ ប្រារព្ធពិធីដាំដើមឈើ ដើម្បីអបអរសាទរទិវា រុក្ខទិវា ៩ កក្កដា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ការដាំឈើដែលបានរៀបចំឡើងនាពេលនេះ មានអត្ថន័យនយោបាយ និងមានសារសំខាន់ដ៏ខ្ពង់ខ្ពស់សម្រាប់បំផុសស្មារតីមហាជនឱ្យបានយល់ដឹងអំពីគុណប្រយោជន៍នៃដើមឈើ ព្រមទាំងក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការដាំដើមឈើ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើននៃប្រទេសជាតិ។

ម៉្យាងទៀតការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់​ស្ដែង​នូវ​ការ​យកចិត្ដ​ទុកដាក់ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តាក្រុង/ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE “។

ការដាំឈើនៅតាមសាលារៀន និង វត្តអារាមនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ខ្ញុំសូមជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់យកទីតាំង នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយ សម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើរួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទី​កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យបាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថាការដាំដើមឈើមានសារសំខាន់ណាស់ ប៉ុន្តែការសំខាន់ជាងនេះទៅទៀត គឺការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ វាជាការប្រសើរបំផុត៕