(គេហទំព័រពន្លឺខ្មែរអមតៈ)មន្ដ្រីបសុពេទ្យចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌល ចត្តាឡីស័កចំនួន៥ទីតាំងក្នុងក្រុងសៀមរាប

ចេញផ្សាយថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

សៀមរាប៖ដើម្បីរួមចំណែកការពារជម្ងឺកូវីដ.១៩និងរក្សាអនាម័យ មន្ដ្រីបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌល ចត្តាឡីស័ក ធំៗចំនួន៥ក្នុងក្រុងសៀមរាប។

លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី០៣ខែសីហាឆ្នាំ២០២១នេះថា ដោយយោងតាមការណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មន្ត្រីជំនាញនៃមន្ទីរមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានចុះអន្តរាគមន៍បាញ់ថ្នាំសម្លាប់មេរោគនៅតាមមណ្ឌល ចត្តាឡីស័កក្នុងក្រុងសៀមរាបចំនួន៥ទីតាំង គឺនៅសាលាវិទ្យាល័យសម្តេចឪ ,នៅសាលាវិទ្យាល័យហ៊ុនសែនវត្តស្វាយ,សាលាគរុកោសល្យ និងវិក្រិត្យការខេត្ត ,នៅសាលាវិទ្យាល័យអង្គរ និងនៅសាលាវិទ្យាល័យ១០មករា១៩៧៩។លោកបន្តថា ក្នុងការចុះបាញ់សម្លាប់មេរោគ នោះក្រុមការងារបានបាញ់អស់ជាង១០០០លីត្រ។

លោកបញ្ជាក់ថា ការបាញ់ថ្នាំបានផ្តោត នៅកន្លែងបរិវេណជុំវិញអាគារ,តាមបន្ទប់ជាន់ក្រោម,កាំជណ្តើរ,បន្ទប់ទឹករួម,កនែ្លង លេងកីឡា,បង់អង្គុយលេង,កនែ្លងហាលសំលៀកបំពាក់,កនែ្លងចោលសំរាម និងរោងយកសំណាកវិភាគ។

លោកបញ្ជាក់ទៀតថា  គួរមានការណែនាំបន្ថែមពីវិធានការអនាម័យ និងជីវសុត្ថិភាពផ្ទាល់ខ្លួន និងតាមបន្ទប់នីមួយៗពិសេសនៅតាមបន្ទប់ទឹក និងថង់សំរាម(មានថ្នាំសម្លាប់មេរោគតាមបន្ទប់)។លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការណែនាំនិងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្រុមការងារនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមមណ្ឌលចត្តាឡីស័កចំនួន៥ទីតាំងនៅក្នុងក្រុងសៀមរាប។

លោកបន្តថា សូមបងប្អូនទាំងអស់បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ ឲ្យបានខ្ចាប់ខ្ចួនដើម្បីការពារជម្ងឺកូវីដ.១៩ ជាពិសេសជម្ងឺកូវីដ.១៩បម្លែងថ្មី ដែលតា (delta)នេះតែម្តង៕