(គេហទំព័រពន្លឺខ្មែរអមតៈ)សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងមហាផ្ទៃ

ចេញផ្សាយថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOM សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOMនាពេលព្រឹកនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គស្នងការនគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, ប្រធានក្រុមប្រឹក្សានីតិកម្ម ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសបើកអង្គប្រជុំ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូសន្និសីទZOOM នាពេលព្រឹកនេះ ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ខ្ពង់ខ្ពស់បំផុតពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីអំពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងមហាផ្ទៃថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាលចំនួន ២០លើក សរុបចំនួន ១០៧,៣២១ដូស។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា សម្រាប់ការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ គឺមន្ត្រីដែលស័្មគ្រចិត្តចាក់វ៉ាក់សាំង មានចំនួន ២៤,៨០០នាក់ អ្នកដែលបានចាក់មានចំនួន ២៣,៩០៩ និងអ្នកដែលមិនអនុញ្ញាតឲ្យចាក់មានចំនួន ៨៩១នាក់ ដោយក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងទាំងអស់មានអ្នកចាក់នៅមន្ទីរពេទ្យ ១៦ ឧសភា ចំនួន ១៣,៨៧៥នាក់  អ្នកចាក់នៅមន្ទីរពេទ្យនានា ចំនួន ១០,០៣៤នាក់។

ក្រោយបញ្ចប់ការស្ដាប់របាយការណ៍ និងកិច្ចពិភាក្សាការចូលរួមមតិរបស់អង្គប្រជុំរួច សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានរៀបចំរបាយការណ៍ដែលមានប្រយោជន៍អំពីស្ថានភាពនៃជំងឺកូវីដ១៩ ការដោះស្រាយបញ្ហាក្នុងក្របខណ្ឌមន្ត្រីក្រសួមហាផ្ទៃ។ ព្រមជាមួយគ្នានេះសម្តេចក្រឡាហោម ក៏បានផ្តល់មតិណែនាំដ៏ខ្ពង់ខ្ពស់ដល់ថ្នាក់ដឹកនាំទាំងអស់ឲ្យបន្តអនុវត្តវិធានការផ្សព្វផ្សាយ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងបន្តពង្រឹងការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាលផងដែរ៕ប្រភពហ្វេសបុក