(គេហទំព័រពន្លឺខ្មែរអមតៈ)បុរសម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ បន្ទាប់ពីថតវីដេអូ សុំទោសអ្នកម្ដាយនិងប្រពន្ធកូនរបស់ខ្លួនរួច

ចេញផ្សាយថ្ងៃព្រហស្បតិ ទី០២ ខែ០៩ ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ភ្នំពេញ៖ បុរសម្នាក់បានថតវីដេអូសុំទោសម្ដាយនិងប្រពន្ធកូនរួចហេីយ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិតចោលប្រពន្ធនិងកូនតូច២នាក់ ហើយបានបន្សល់ទុកស្បែកជើងមួយគូរ ទូរស័ព្ទដៃមួយគ្រឿង លុយមួយចំនួននិងកង់បីមួយគ្រឿងនៅកន្លែងកើតហេតុ បង្កការមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ នៅលើស្ពានមិត្តភាព កម្ពុជា ជប៉ុន ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានដឹងថាបុរសនោះមានឈ្មោះ តូច វីនដា អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេរម៉ូតូនៅម្ដុំអូរឬស្សី តែរកមិនសូវបាន ទើបទិញម៉ូតូកង់បីឥណ្ឌារត់ដើម្បីរកចំណូលបន្ថែម ហើយនៅយប់កើតហេតុបន្ទាប់ពីរាំងភ្លៀង ជនរងគ្រោះបានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខស្វាយរៀង 1N-2912 ឡើងមកដល់ហួសពាក់កណ្តាលស្ពាន ជនរងគ្រោះបានឈប់ម៉ូតូកង់បី ហើយបានទុកស្បែកជើងមួយគូរ ទូរស័ព្ទដៃមួយគ្រឿង លុយនិងកង់បីមួយគ្រឿងនៅកន្លែងកើតហេតុ រួចក៏លោតចុះបាត់ទៅ។

បច្ចុប្បន្នម៉ូតូកង់បីនិងសម្ភារៈរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ទុកប្រគល់ជូនក្រុមគ្រួសារវិញ។

លុះមកទល់ម៉ោង១០ព្រឹកនេះ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ ទំនាក់ទំនងបងប្អូនខ្មែរឥស្លាម ចេញទូកមុជទឹករាវរកឃេីញហេីយ និងយកទៅតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែ៕