
(គេហទំព័រពន្លឺខ្មែរអមតៈ)លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាបចូលរួមអមដំណើរជាមួយប្រធានមន្ទីរកសិកម្មខេត្តចុៈអនុវត្តបាញ់ថ្នាំសំលាប់មេរោគនៅតាមកសិដ្ឋានចិញ្ចិមសត្វពាហនៈនានា
ចេញផ្សាយថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរ និង លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះអនុវត្តវិធានជីវសុវត្ថិភាពដោយការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមកសិដ្ឋានចិញ្ចឹមសត្វពាហនៈ សត្តឃាតដ្ឋាន ក្រោលនានានៅតាមសហគមន៍ចិញ្ចឹមសត្វពាហនៈក្នុងទូទាំងខេត្ត ។
មុនពេលចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគ លោក ទា គឹមសុទ្ឋ បានណែនាំដល់មន្ត្រីជំនាញការិយាល័យផលិតកម្មនិងបសុព្យាបាល ក្រោមឱវាទមន្ទីរ ត្រូវជូនដំណឹងនិងជម្រាបដល់បងប្អូនប្រជាកសិករថា ការអនុវត្តវិធានជីវសុវត្ថិភាពមានសារៈ សំខាន់ណាស់ក្នុងដំណើរការចិញ្ចឹមសត្វ ទប់ស្កាត់ ការឆ្លងជំងឺ សម្លាប់ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយក្លិន ទីតាំងចិញ្ចឹមស្អាត ធ្វើឲ្យសត្វមានសុខភាពល្អ ធំធាត់លឿន និងជម្រាប បង-ប្អូនចិញ្ចឹមសត្វជាពិសេសសត្វពាហនៈនិងសត្វបក្សី សូមប្រុងប្រយ័ត្នជម្ងឺឆ្លងសត្វក្នុងរដូវវស្សាភ្លៀងធ្លាក់ជោគជាំ ត្រូវអនុវត្តន៏វិធានការជីវសុវត្ថិភាព និងចាក់ថ្នាំការពារជម្ងឺសត្វ តាមកម្មវិធីពីមន្ទីរកសិកម្មខេត្ត។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលមានប្រសាសន៍ថា៖ការបាញ់ថ្នាំជីវសុវត្ថិភាពនេះជាផ្នែកមួយជួយទប់ស្កាត់នៃជំងឺឆ្លងទៅដល់សត្វ និងការពារសុខភាពសត្វ ដោយសាររដូវវស្សាចូលមកដល់សត្វពាហនៈនិងសត្វចិញ្ចឹមផ្សេងៗងាយរងទទួលនូវការឈឺ និងស្លាប់ដោយសារមេរោគ និងបាក់តេរីផ្សេងៗ ដែលតែងតែបង្កឱ្យសត្វមានសុខភាពខ្សោយ ងាយរងនូវអំងឺឆ្លងផ្សេងៗ ហេតុនេះហើយទាមទារត្រូវធ្វើនូវវិធានការសុវត្ថិភាពដោយការបាញ់ថ្នាំរម្ងាប់មេរោគទាំងនៅតាមក្រោលនិងនៅតាមសត្តឃាត្តដ្ឋាននានា ដើម្បីធានាបាននូវសាច់សត្វបោះទៅកាន់ទីផ្សារមានគុណភាព អនាម័យល្អសម្រាប់អ្នកបរិភោគ។