
មានសង្ឃឹមហើយ៖ ជនពិការអតីតយុទ្ធជន នឹងត្រូវបានដំឡើងប្រាក់បៀវត្ស ចាប់ពីខែមេសា ឆ្នាំ២០១៩នេះតទៅ
(ខេត្តកែប)៖ ជនពិការអតីតយុទ្ធជននៅទូទាំងប្រទេស នឹងត្រូវបានដំឡើងប្រាក់បៀវត្សចាប់ពីខែមេសា ឆ្នាំ២០១៩នេះតទៅ។ដូច្នេះយុទ្ធជនដែលចូលនិវត្តន៍ទាំងអស់ត្រូវបន្តថែទាំសុខភាពឲ្យបានល្អ។
ការលើកឡើងបែបនេះជាប្រសាសន៍របស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក បានថ្លែងក្នុងពិធីប្រគល់ផ្ទះចំនួន១៦ខ្នង ជូនគ្រួសារយុទ្ធជន នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក ឯក ក្រិត្យ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិកាយសម្បទា និងជាអគ្គលេខាធិការរង ស.អ.ក និងលោក ឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ព្រមទាំងមេបញ្ជាការតំបន់ប្រតិបតិ្តការសឹករង និងគ្រួសារជនពិការអតីតយុទ្ជជន ក្នុងខេត្តកែបផងដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តទៀតថា បច្ចុប្បន្នដោយសារជនពិការ អតីតយុទ្ធជន បានសំណូមពរលើការបន្ថែមនូវប្រាក់បៀវត្សឲ្យបានប្រហាក់ហែលគ្នា ខណៈពេលមានជនពិការខ្លះមានប្រាក់ខែរហូតដលទៅ៨០មឺុនរៀល ឯខ្លះមានប្រាក់ខែត្រឹមតែ៤៨មឺុនរៀល។
ដូច្នេះដើម្បីឲ្យមានភាពសុក្រឹត្យ លោកនឹងស្នើគោលការណ៍ទៅសម្តេចតេជោ ហ៊ុន សែន សុំដំឡើងប្រាក់បៀវត្សជូនដល់ជនពិការដែលជាអតីតយុទ្ធជនឲ្យបានប្រហាក់ប្រហែលគ្នា ពោលគឺយ៉ាងហោចណាស់ក៏ដំឡើងបានត្រឹម៦០មឺុនឬ៧០មឺុនក្នុងមួយខែដែរ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះផ្ទះទាំង១៦ខ្នង និងថវិកា ព្រមទាំងសម្ភារៈមួយចំនួន គឺជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ហើយនៅឆ្នាំ២០១៧និងឆ្នាំ២០១៨ លោកនឹងជំរុញឲ្យសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន១០០ខ្នងទៀត ដោយសំណង់នេះនឹងត្រូវបានកសាងបញ្ចប់នៅឆ្នាំ២០១៩នេះហើយ។
សូមជម្រាបថា៖ បើតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានកិតិ្តយស ស.អ.ក ខេត្តកែប បានលើកឡើងថា ទីតាំងដែលសាងសង់ផ្ទះចំនួន១៦ខ្នងនេះ ជាតំបន់មួយស្ថិតក្នុងទីប្រជុំក្រុងកែប ដែលបាននិងកំពុងចាប់ផ្តើមអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីឲ្យក្លាយជាតំបន់មួយប្រកបដោយសោភ័ណភាពយ៉ាងស្រស់ត្រកាល អាចជាមុខព្រួញបម្រើអេកូទេសចរណ៍ សម្រាប់ឲ្យប្រជាពលរដ្ឋដែលប្រកបអាជីវកម្មរកប្រាក់ចំណូលបានកាន់តែខ្ពស់ ហើយធ្វើឲ្យកម្រិតជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លើសពីនេះ លោកបាននិងកំពុងរៀបចំតបណ្តាញភ្លើង និងផ្តល់ប្រភពទឹកសម្រាប់បម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ពិសេសសម្រាប់ផ្តល់សេវាប្រើប្រាស់ដល់គ្រួសារអតីតយុទ្ធជននៅតំបន់នេះផងដែរ៕
