(គេហទំព័រពន្លឺខ្មែរអមតៈ)ករណីរថយន្តលោក ឈួន​ សោភា​ មេគយចល័ត​តំបន់​ ៥​ ល្បីទៀតហើយ បុកប្រជាពលរដ្ឋបាក់ជេីងហើយ​បោះលុយ​ ៥០០០​ ដុល្លារ​ ដើម្បីបិទសំណុំរឿងខ្លួនឯង

ចេញផ្សាយថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167​

ខេត្តបន្ទាយមានជ័យ​ ៖​ ភាពល្បីល្បាញរបស់លោកឈួន សោភា មេគយចល័តតំបន់៥បានបុកបុរសម្នាក់ដាក់ជើង បើតាមប្រភព​ច្បាស់​ការ​ពី​មន្ត្រី​គយតំបន់​ ៥​ បានអោយដឹងថា​ កាលពីថ្ងៃ​ទី​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ កន្លង​មក​ថ្មីៗ​នេះ​ មន្ត្រី​គយតំបន់​ ៥​ បានបេីកថយន្ត​ Lexus RX350 ពណ៌​ស​ ពាក់​ស្លាក​លេខ​ (ភ្នំពេញ2AU-6806 ​) ដេញបុកបុរសម្នាក់​ បេីកម៉ូតូ​ស្កុបពី​ (  Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយសង្ស័យថា​អត់​បង់ពន្ធ​នាំចូល​ ។  ហេតុ​ការ​ណ៍​នេះបានកេីតឡេីងនៅចំណុច​ជិត​អូរកំបុត​ក្បែរ​ឃុំ បឹងត្រកួន ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។  បុរស​ដែល​ជិះ​ម៉ូតូ​ស្កុបពី​ត្រូវបានគេរាយការណ៍មកថា​ បានរងរបួសធ្ងន់បាក់ជេីងខាង​ឆ្វេង​ និងខូចខាតម៉ូតូ។  ក្រោយ​កេីតហេតុ​ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ បាន​សម្រប​សម្រួល​ជាមួយ​បុរស​នោះដោយចេញសំណងជាលុយចំនួន​ ៥០០០​ ដុល្លារ​ ទៅ​អោយបុរស​នោះ​ដេីម្បី​បញ្ចប់​រឿង​ ។  ប៉ុន្តែ​តាម​រយៈ​ ហ្វេសប៊ុក​របស់​ឈ្មោះ​ Bong Long Svay បានបង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជេីង​ ដោយសរសេរថា​ ហេតុ​អ្វី​យកជីវិតខ្ញុំមកលេងសេីចម្ល៉េះ​ ?  ចំណែក​ ហ្វេសប៊ុក​ឈ្មោះ​ Chhin Roth Barca បានសរសេរថា​ សូមលោកពូ​ ផែង​ វណ្ណៈ​ និង​ អ្នក​សារព័ត៌មាន​ជួយផង​ គយខេត្តបន្ទាយមានជ័យ​ ។  សារព័ត៌មាន​ជាច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​គេបិទព័ត៌មាន​ករណី​នេះ​ ។  ចំណែក​ជនរងគ្រោះ​ដែល​បង្ហោះ​ ព័ត៌មាន​និងរូប​ថតរងគ្រោះ​ក៏បានលប់ចេញវិញផងដែរ​ ។ ករណីខាងលើអង្គភាពយេីងមិនអាចសុំការបំភ្លឺ​ពីលោក​ ឈួន​ សោភា​ បានទេ​ដោយគ្មានលេខទំ​នាក់ទំនង​ ។  ពាក់ព័ន្ធករណីខាងលើអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពី ឈួន សោភា រៀងរាល់ម៉ោងធ្វើការ៕