(គេហទំព័រពន្លឺខ្មែរអមតៈ)សម្ដេចក្រឡាហោម ស ខេង សម្រេចដកហូតមុខតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក!

ចេញផ្សាយថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778298/0882476167

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ បានចេញប្រកាសមួយស្តីពី «ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ» ដោយសម្រេចអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ៦៤៨៦៨ ក្រោមរូបភាព «ដកហូតមុខតំណែង» ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឲ្យមកជាមន្ត្រី ដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

នេះបើយោងតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង ដែល  ទើបទទួលបាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ។

ចំពោះមូលហេតុនៃការសម្រេចដកហូតមុខតំណែង នេះ គឺ ដោយសារ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ តែពុំដឹងប្រាកដថា ល្មើសក្រោមរូបភាពឬក៏បានប្រព្រឹត្តនូវកំហុសអ្វីនោះទេ ។

ប៉ុន្តែតាមប្រភពព័ត៌មានច្បាស់ការណ៍បានទម្លាយឲ្យ ដឹងថា លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន កន្លងមក បានលេចឮរឿងអាស្រូវជាច្រើន ជាពិសេស គឺ បុគ្គលរូបនេះតែងតែយកឈ្មោះថ្នាក់ដឹកនាំជាច្រើននាក់ទៅប្រើប្រាស់ក្នុងគោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនជា ពោលគឺ យកលុយកាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការរត់ការចូលក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ជាដើម ៕