
លោក កែន សត្ថា អភិបាលខេត្តកែប ចុះសួរសុខទុក្ខក្រុមគ្រួសារក្នុងបុរីកុមារកំព្រាខេត្តកែប
(ខេត្តកែប)៖ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ នេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្ដម អភិបាលរងខេត្ត បានអញ្ចេីញជួបសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំនូវអំណោយមួយចំនួនរបស់លោកផ្ទាល់ ព្រមទាំងអំណោយរបស់ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ជូនដល់កូនកូននិងបុគ្គលិក ដែលកំពុងរស់នៅបុរីកុមារកំព្រា ខេត្តកែប នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កែន សត្ថា អភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ជូនចំពោះក្រុមគ្រួសារ និងបុគ្គលិកទាំងអស់ដែលស្ថិតនៅបុរីកុមារកំព្រា ខេត្តកែប សូមខិតខំថែរក្សាសុខភាពឲ្យបានល្អ និងរក្សាអនាម័យ។
ជាកិច្ចបញ្ចប់ លោកអភិបាលខេត្ត ក៏បានណែនាំដល់កូនកូនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរយាន្តជំនិះឬក៏ធ្វើដំណើរនៅលើដងផ្លូវ និងត្រូវចេះគោរពច្បាប់ចរាចរ ព្រោះថានាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរបានឆក់យកជីវិតមនុស្ស ជារៀងរាល់ថ្ងៃ ដែលជារឿងមួយយើងទាំងអស់គ្នាត្រូវគោរពច្បាប់ ហើយពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពជានិច្ច៕
