
ពិធីបើកព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០១៩ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកស័ក ព.ស ២៥៦៣
(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ២០១៩ នៅបរិវេណពហុកីឡដ្ឋានទីរួមខេត្តកំពត។ ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ ប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋប្រមាណ៥.០០០នាក់។
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការទាក់ទាញការវិនិយោគរបស់វិនិយោគិនមកខេត្តកំពត ការលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា និងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាកំសាន្តច្រើនឡើងក្នុងខេត្តកានតែច្រើនឡើងៗ។
សូមជ្រាបថា៖ ព្រឹត្តិការណ៍កំពតសង្ក្រាន្តឆ្នាំ ២០១៩ នាពេលនេះមានគ្រប់សកម្មភាព ប្រព្រឹត្តដោយរលូន ប្រកបដោយសុវត្ថិភាពជាទីបំផុត ,ស្តង់ពិព័រណ៍រៀបចំបានស្អាត មានសោភ័ណភាព ក្រុមយុវជន រាំលេងកំសាន្តសប្បាយរីករាយ ដោយមានភ្ញៀវទេសចរណ៌មកលេងកំសាន្តក្នុងខេត្តសរុបប្រមាណ៣០.០០០នាក់។
ដូច្នេះសូមគោរពអញ្ជើញ ពុក ម៉ែ បងប្អូន ជនរួមជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍កំពតសង្ក្រាន្ត២០១៩នេះ ឲ្យបានច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣នេះ សូមបួងសួងដល់គុណព្រះរតនៈត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេតាឆ្នាំថ្មីព្រះនាម ទុង្សៈទេវី ជួយប្រោះព្រំ សព្វសាធុការពរជ័យ ជូនពុក ម៉ែ បងប្អូនជនរួមជាតិ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ មានសុភមង្គលគ្រប់ក្រុមក្រុមគ្រួសារ និងសូមការធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានាប្រកបដោយសុខសុវត្ថិភាព៕
