(គេហទំព័រពន្លឺខ្មែរអមត:)ឈ្មោះ អាន និងឈ្មោះ ចែអេង បើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ បៀអាប៉ោង ពេញបន្ទុកភូមិរលួស សង្កាត់ស្រយ៉ូវបែជាអាជ្ញាធរពាក់ព័ន្ធសំងំស្ងាត់ស្ងៀម

ចេញផ្សាយថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកំពង់ធំ ÷ ប្រជាពលរដ្ឋបានបញ្ជាក់ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រយ៉ូវ និងអធិការនគរបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូននោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចាត់វិធានការបង្ក្រាប់ល្បែងស៊ីសងក្នុងសង្កាត់ស្រយ៉ូវ ជាបន្ទាន់។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានជន២នាក់ ឈ្មោះ អាន និងឈ្មោះ ចែអេង បើកល្បែងស៊ីសងខុសច្បាប់បញ្ជល់មាន់ បៀអាប៉ោង យ៉ាងពេញបន្ទុក។
តាមប្រភពខ្លះបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលថ្នាក់សង្កាត់ ថ្នាក់ក្រុងទេនោះគឺជនឈ្មោះ អាន និងឈ្មោះ ចែអេង មិនអាចបើកល្បែងបញ្ជល់មាន់ បៀអាប៉ោង តាមអំពើចិត្តបានឡើយ។ ដូច្នេះលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ មិនគួរបណ្តែតបណ្តោយតទៅទៀតទេព្រោះល្បែងស៊ីសងក្នុងភូមិរលួសសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន កំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
មានការរិះគន់ចំៗថា ចាប់តាំងពីលោក ម៉ែន លី ចូលកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ គឺមិនសូវយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដូចជាបញ្ជល់មាន់ បៀអាប៉ោង និងកន្ទុយលេខ ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ។

ជាក់ស្តែងជនឈ្មោះ អាន និងឈ្មោះ ចែអេង បើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ យ៉ាងពេញបន្ទុកហើយលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ រក្សាភាពស្ងៀមស្ងាត់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ។