
ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកែប បានធ្វើឲ្យក្រុមអ្នកទេសចរណ៍សម្រុកមកអបអរសាទរដូចទឹកបាក់ទំនប់
(ខេត្តកែប)៖ ព្រឹត្តិការណ៍សង្ក្រានខេត្តកែប បានធ្វើឲ្យអ្នកទេសចរណ៍ជិត ឆ្ងាយនាំគ្នាសម្រុកមកអបអរយ៉ាងពេញទំហឹងដែលស្ទើតែពុំធ្លាប់មានពីមុន។
សង្ក្រានខេត្តកែបនេះ បានធ្វើឡើងដើម្បីបង្កើនភាពសប្បាយរីករាយជូនប្រជាពរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ និងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរឯកស័ក ព.ស២៥៦៣នេះ ទើបរដ្ឋបាលខេត្តកែប បានបង្កើតព្រឹត្តិការសង្ក្រានកែបនេះឡើង ដែលមានរយៈពេលបីថ្ងៃបីយប់ ដោយមានកម្មវិធីសប្បាយៗ ជាច្រើនដូចជា ការតាំងពិរព័ណ៌ផលិតផលក្នុងស្រុក ពិរព័ណ៌ផលិតផលភេសជ្ជៈផ្សេងៗ ស្តង់លក់ម្ហូបអាហារសមុទ្រ និងមានការប្រគុំតន្ត្រីដ៏ងអស្ចារ្យផងដែរ ក្រៅពីនេះក៏មានព្រឹត្តិការលេងល្បែងប្រជាប្រីយ៍ខ្មែរ ដូចជាចោលឈូង បោះអង្គុញ់ ទាញព្រ័ទ្ធ វាយក្អម ជាដើម។ល។
ក្នុងពិធីបើកសង្ក្រានខេត្តកែបនេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំចំនួនភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានជីវភាពធូរធា តាមរយៈការទាញយកចំណូលពីការផ្តល់សេវាកម្មទេសចរណ៍នេះ។
លោកបានបន្ថែមទៀតថា ដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់មជ្ឈដ្ឋានមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ ក៏ដូចជាដៃគូអភិវឌ្ឍ បានធ្វើឲ្យខេត្តកែប ពីមួយថ្ងៃទៅមួយថ្ងៃ មានការប្រែប្រួលគួរជាទីមោទនៈ ទាំងហេដ្ឋារចនាសម្ធ័ន្ធ សំណង់អគារ និងការកែលម្អសោភណភាពជាដើម។ លើសពីនេះខេត្តកែបបានទទួលជ័យលាភីជាបន្តបន្ទាប់ លើការងារលើកកម្ពស់វិស័យទេសចរណ៍ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការងារអនាម័យបរិស្ថាន។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថាខេត្តកែបនឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិកម្រិតខ្ពស់ និងទេសចរណ៍អាយុវែង (Long life sity) នាពេលអនាគត ដូច្នេះដើម្បីសម្រេចបានទិសដៅនេះ ត្រូវតែមានការចូលរួមពីយើងទាំងអស់គ្នា ទាំងការសម្អាតបរិស្ថាន ការថែរក្សាធនធានធម្មជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋដែលមកលេងសូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអធ្យាស្រ័យគ្នា ចំពោះការបើកបរតាមដងផ្លូវ ត្រូវពាក់មួក ពាក់ខ្សែរក្រវ៉ាតសុវត្ថិភាព និងកុំបើកបរក្នុងស្ថានភាពស្រវឹងដែលនឹងអាចឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ក្រៅពីនេះការរៀបចំគ្រឿងសក្ការៈបូជាទទួលទេវតាឆ្នាំថ្មី ត្រូវប្រុងប្រយ័ត្នផងដែរ ជៀសវាងអុចធូបទៀនទុកចោល អាចនឹងឆាបឆេះផ្ទះសំបែង ខូចខាតទ្រព្យសម្បត្តិដែរខិតខំរកដោយលំបាកជាយូមកហើយនោះ៕ សេង ណារិទ្ធ
