(គេហទំព័រ ពន្លឺខ្មែរអមត:)អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ជួបប្រជុំសម្ព័ន្ធមេត្រីភាពជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព ។
ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយឡែកភាគីថៃដឹកនាំដោយ ឯកឧត្តម បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀត។
កិច្ចប្រជុំភាគីទាំង២ បានពិភាក្សា ដើម្បីឈានដល់ការបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យរួមមាន៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន រីឯខេត្តបាត់ដំបង គ្រោងបើកច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ។
នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានស្នើសុំឲ្យចេញចូលប្រជាពលរដ្ឋទៅធ្វើការព្រឹកវិលល្ងាច ១ថ្ងៃត្រឹម ៣.០០០នាក់ ពោលចេញចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃ អនុញ្ញាតត្រឹម៣០០រទះក្នុង១រទេះ ១ជើង តែត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលជានិច្ច។ សម្រាប់ពលករដែលមានបណ្ណឆ្លងព្រំដែនត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។
ក្នុងប្រជុំពិភាក្សាភាគីថៃ បានទទួលយកសំណើ កិច្ចពិភាក្សា ដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃរបស់ពួកគេ ដើម្បីសម្រេចពេលក្រោយ ហើយកម្ពុជានឹងស្នើសុំគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕