(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ជូនពរឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំគណៈប្រតិភូនគរបាលជាតិកម្ពុជា ជូនពរឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ជាទម្លាប់ប្រពៃណីតាំងពីយូរលង់មកហើយរវាងកម្ពុជា-វៀតណាម តែងជូនពរទៅវិញទៅមកនៅពេលចូលឆ្នាំថ្មី ដែលជាប្រពៃណីដ៏ល្អរវាងប្រទេសភូមិផងរបងជាមួយ និងប្រទេសដែលមានមិត្តភាពធ្លាប់សហការជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ តាំងពីការតស៊ូរំដោះប្រទេសជាតិ ការកសាងប្រទេស និងអភិវឌ្ឍប្រទេស ហើយមកដល់បច្ចុប្បន្ននេះ ក៏យើងកាត់ផ្តាច់មិនបាននូវចំណងមិត្តភាពជាប្រពៃណីរបស់បក្ស រដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរឡើយ។ ដោយឡែកចំណងមិត្តភាពនិងកិច្ចសហការរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម មកទល់ពេលនេះមានការរីកចម្រើនយ៉ាងល្អប្រសើរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនមានសុខសន្តិភាព ស្ថេរភាព និងតែងតែជួយគ្នាទៅវិញទៅមក ពិសេសជួយសង្គ្រោះប្រជាជនកម្ពុជាពេលដែលមានជំងឺឈឺស្កាត់ រីឯទំនាស់ជាលក្ខណៈបុគ្គល និងបទល្មើសក៏មានការកាត់បន្ថយបានច្រើន គួរឱយទីមោទនភាព។ ឯកឧត្តម សង្ឃឹមថាសម្រាប់ចូលឆ្នាំនេះអាជ្ញាធរទាំងពីរ និងមានបទពិសោធន៍ជាមូលដ្ឋានមួយក្នុងការទប់ស្កាត់កូវីដ-១៩ ទាំងការប្រឆាំងទប់ស្កាត់កូវីដផង និងការបើកប្រទេសឡើងវិញដើម្បីសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋផង។ ឯកឧត្តម បន្តថា ចំណងមិត្តភាពបូករួមជាមួយបទពិសោធន៍ផងដែរយើងត្រូវពង្រឹង និងបន្តអនុវត្តឲ្យបានល្អបន្ថែមទៀត។
ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ការរីកធំធាត់បានរបស់នគរបាលកម្ពុជាក៏មិនអាចកាត់ផ្តាច់បានពីជំនួយមិត្តភាពវៀតណាម ទាំងបក្ស និងរដ្ឋាភិបាល ក្នុងនោះនគរបាលវៀតណាមកន្លងមកបានជួយទាំងការបណ្តុះបណ្តាល ផ្តល់សម្ភារៈ និងមធ្យោបាយដល់កម្ពុជា ហើយដោយសារតែស្ថានភាពកូវីដបានធ្វើឲ្យមានការកាត់បន្ថយការទស្សនកិច្ចរបស់គណៈប្រតិភូក៏ដូចជាការរៀនសូត្រទៅវិញទៅមក ដោយសារតែបទល្មើសខ្លះមានលក្ខណៈសកលដែលទាមទារឲ្យមានការជូនដំណឹង ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក។ ឯកឧត្តម នេត សាវឿន បានសន្យាពង្រឹងកិច្ចសហការ ក៏ដូចជាការបង្កលក្ខណៈដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក្នុងបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យគ្រប់កិច្ចការ។
ជាកិច្ចឆ្លើយតបឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានថ្លែងអំណរគុណដល់អគ្គស្នងការនគរបាលជាតិនិងប្រតិភូអមដំណើរដែលបានអញ្ជើញជូនពរសំរាប់ឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឯកឧត្តមក៏បានថ្លែងនិងគាំទ្រប្រសាសន៍របស់ អគ្គស្នងការនគរបាលជាតិចំពោះកិច្ចសហការរវាងក្រសួងនគរបាលជាតិនៃប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងមោទនភាពចំពោះរាល់ស្នាដៃរបស់នគរបាលជាតិកម្ពុជា ដែលសំរេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដែលជាមូលដ្ឋានមួយសំរាប់ប្រទេសកម្ពុជារីកចម្រើនទៅមុខ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា វៀតណាមជាពិសេស កម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរដែលបានសហការគ្នាក្នុងការទប់ស្កាត់រាល់បទល្មើស ការពារសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមនិងកាត់បន្ថយបទល្មើសនៅតាមព្រំដែន។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបន្ថែមអោយដឹងថាបើគ្មានកិច្ចសហប្រតិបត្តការនេះទេ ប្រទេសទាំងពីមិនអាចរក្សាបាននៅសន្តិភាព ស្ថេរភាពដើម្បីការអភិវឌ្ឍប្រទេសបានទេ។ សំរាប់ឆ្នាំ២០២២នេះ គឺជាឆ្នាំដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើក៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូតដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកបានជួយឧបត្ថម្ភ និងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតវៀតណាមប្រចាំកម្ពុជា ហើយសង្ឈឹមថាថ្ងៃក្រោយ ឯកឧត្តមអគ្គស្នងការនគរបាលជាតិកម្ពុជា ជួយឧបត្ថម្ភគាំទ្រដល់ស្ថានទូតវៀតណាមដើម្បីបន្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ និងសូមជូនពរឲ្យចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសយើងទាំងពីរ និងរដ្ឋាភិបាល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកចម្រើន ៕