ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើឡើងនៅខេត្តតាកែវ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៤រោច ខែ ពិសាខ ដើម្បីប្រកាសប្រាប់ដល់ប្រជាកសិករថា រដូវធ្វើស្រែចម្ការបានមកដល់ហើយ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។
សម្រាប់ឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ៣រោជ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅឯកីឡាដ្ឋានគិរីវង្សសុខសែនជ័យ ស្ថិតនៅក្នុងភូមិត្រពាំងអង្គ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ។ កាលពីឆ្នាំ២០១៨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង៕