លោក ជាវ តា​យ បានបញ្ជាក់​ថា ៖ សមិទ្ធផល​ជា​ចម្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក​នេះ​គឺ​មិន​អាច​កាត់ផ្ដាច់​ចេញ​បាន ពី​កត្តា​នៃ​សុខ​សន្តិភាព​បាន​ឡើយ​

(​ខេត្ត​កំពត​)៖ មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​មួយ​កន្លែង ដែល​ស្ថិត​នៅ​រវាង​ចំនួន​ភូមិ​០២​គឺ​ភូមិ​វាល​ក្រសាំង ឃុំ​តា​កែន ត​ភ្ជាប់​និង​ភូមិ​កោះស្លា ក្នុង​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​លើក​បញ្ជាក់​ថា​៖ សមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លងមក​នេះ​គឺ​មិន​អាច​កាត់ផ្ដាច់​ចេញ​បាន ពី​កត្តា​នៃ​សុខ​សន្តិភាព​បាន​ឡើយ​។​

​លោក​អភិបាលខេត្ត​បន្តទៀតថា ប្រសិនបើ​ប្រទេស​ជាតិ​មាន​សង្គ្រាម​យើង​មិន​អាច​ដឹកនាំ​កសាង អភិវឌ្ឍន៍​ប្រទេស​បាន​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ទេ ពិសេស​ការកសាង​ស្ពាន​ដ៏​ថ្មីស្រឡាង​នៅទីនេះ​បាន​ដែរ​ជា​ការពិត​ជាក់ស្ដែង​។ ហើយ​សុខសន្តិភាព​ដែល​យើង​កំពុង​មាន​ដូច​សព្វថ្ងៃ​ពេញ​ក្នុង​ផ្ទៃ​ប្រទេស​នេះ គឺ​បាន​មក​ដោយសារ​ការលះបង់​អាយុជីវិត​ជាច្រើន​របស់​អ្នកស្នេហាជាតិ ពិសេស​សម្ដេច​តេជោ​ហ៊ុន សែន គឺជា​អ្នក​ស្ថាបនិក​នៃ​សុខ​សន្តិភាព​នៅ​កម្ពុជា​តែម្ដង​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​ការពារ​នូវ​សុខ​សន្តិភាព​នេះ​អោយបាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​រដ្ឋបាល​ស្រុក​ឈូក សម្រេច​បាន​ដោយសារ​កើតចេញពី​ការរួម​សាមគ្គី​គ្នា​រវាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់​ពិសេស​ការចូលរួម​សហកា​រ​បាន​ល្អ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ផងដែរ​។​

​លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​បន្ត​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​៖ នេះ​ជា​លើក​ទី​បី​ហើយ​ចាប់តាំងពី​ការចុះពិនិត្យ​ស្ថានភាព​រហូតដល់​ការសាងសង់​និង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ដែល​លោក​បាន​ចុះ​មក​ដល់​ទី​នេះ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ក៏​ដូច​ការដឹកជញ្ជូន​កសិផល​និង​ពិសេស​សិស្សានុសិស្ស​ទៅ​រៀន​ផង​។​

​សូម​ជម្រាប​ផងដែរ​ថា​៖ ស្ពានេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន​ដែល​បាន​ផ្ដល់​ថវិកា​ជូន​តាមរយៈ​រដ្ឋបាល​ខេត្ត​កំពត ធ្វើ​អំពី​បេតុង​មាន​ប្រវែង​៥៥​ម៉ែត្រ ទទឹង​៣,១​ម៉ែត្រ កម្រាស់​បេតុង​០,១៥​ម៉ែត្រ កម្ពស់​៨​ម៉ែត្រ សសរ​១០​ជួរ ត្រូវបាន​ចំណាយ​អស់​ថវិការ សរុប​២៦.៧១០​ដុល្លា​។​

​ជាមួយ​នេះ​លោក​អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ការសួរសុខទុក្ខ​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​និង​បាន​សំណូមពរ​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សមិទ្ធ​នានា​ក្នុង​មូលដ្ឋាន ពិសេស​ស្ពាន​ថ្មី​ដែល​ធ្វើ​ពិធី​ជួបជុំ​ដាក់​ដំណើរការ​ប្រើប្រាស់​ពេល​នេះ​ឲ្យបាន​ល្អ​ដើម្បី​បាន​ជា​ប្រយោជន៍​ប្រើប្រាស់​សា​ធាណៈ​បាន​យូរអង្វែង​៕