លោកអភិបាលស្រុកកំពង់ត្រាច ដឹកនាំក្រុមការងារ ទៅបង្អាកសកម្មភាពគ្រឿងចក្រជីកកកាយដីបឹងធម្មជាតិរបស់រដ្ឋ ក្នុងឃុំឫស្សីស្រុកខាងលិច
(ខេត្តកំពត)៖ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានលើកឡើងថា ព្រែក ប្រឡាយ បឹងបួ សុទ្ធសឹងជាសម្បតិ្តធម្មជាតិរបស់រដ្ឋ និងជាសម្បតិ្តសាធារណៈ សម្រាប់ពលរដ្ឋប្រើប្រាស់រួមគ្នា ដាច់ខាតមិនអាចចេះតែនាំគ្នាទៅទន្ទ្រានដើម្បីជាផលប្រយោជន៍បុគ្គលនោះឡើយ។
ការលើកឡើងបែបនេះ អំឡុងពេលលោក អូន ខន អភិបាលស្រុកកំពង់ត្រាច ដឹកនាំមន្ត្រីជំនាញ ចុះទៅទប់ស្កាត់ និងបង្អាកសកម្មភាពគ្រឿងចក្រជីកកកាយដីបឹងរបស់រដ្ឋ ស្ថិតក្នុងភូមិដំណាក់ត្របែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
លោកអភិបាលស្រុកបានបញ្ជាក់ផងដែរថា ចំណុចដែលគ្រឿងចក្រកំពុងជីកកកាយដីនេះ គឺជាបឹងធម្មជាតិរបស់រដ្ឋ យើងមិនត្រូវនាំគ្នាទៅបំពានឡើយ គួរណាស់យើងទាំងអស់គ្នាជួយអភិរក្ស និងរួមគ្នាថែរក្សាកុំឲ្យបាត់បង់ សម្រាប់បម្រើប្រយោជន៍រួម។
លោកអភិបាលស្រុក បានបន្តថា ដើម្បីកុំឲ្យបាត់បង់ធនធានធម្មជាតិដែលមានស្រាប់ស្ថិតតាមភូមិសាស្ត្ររបស់យើង គប្បីប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ពិសេសជួយទប់ស្កាត់កុំឲ្យមានការលូកលាន់ដីបឹងធម្មជាតិរបស់រដ្ឋចាប់ពីពេលនេះតទៅ។
សូមជម្រាបថា៖ ក្នុងប្រតិបតិ្តការចុះបង្អាកសកម្មភាពគ្រឿងចក្រជីកកាយដីបឹងធម្មជាតិស្ថិតក្នុងចំណុចភូមិដំណាក់ត្របែកនេះ ឃុំឫស្សីស្រុកខាងលិចនេះ រដ្ឋបាលស្រុកកំពង់ត្រាច បានកោះហៅបុគ្គលម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីទន្ទ្រានដីបឹងមកអប់រំ ណែនាំ ធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាព ហើយបើនៅតែបំពាននៅលើដីបឹងធម្មជាតិទៀតនេះទៀត រដ្ឋបាលស្រុកនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយក៏គ្មានការយោគយល់ទៀតដែរ៕