(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបអញ្ញើញជាអធិបតីពិធីសម្ពោធក្រុមហ៊ុនប្រ៊ីលានធីសុី វើល និងរាល់បណ្តាអ្នកវិនិយោគិនទាំងអស់ ដែលចូលមកធ្វើការបណ្ដាក់ទុន វិនិយោគនៅក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ
ចេញផ្សាយថ្ងៃអង្គារ៍ ទី២៩ ខែមិនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ក្នុងពិធីសម្ពោធក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីវើលដ៏ ឯ.ក និងដាក់ឲ្យប្រើប្រាស់ការិយាល័យលក់ និង សាលប្រជុំ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា ពិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន ប្រ៊ីលានស៊ីធី វើលដ៍ ឯ.ក គឺជាមូលដ្ឋាន សម្រាប់ធ្វើការវាយតម្លៃឲ្យឃើញពីការរីកចម្រើនថ្មីៗ ថែមទៀតក្នុងខេត្តសៀមរាបយើង ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត នូវរាល់បណ្តាអ្នកវិនិយោគិនទាំងអស់ ដែលចូលមកធ្វើការបណ្ដាក់ទុន វិនិយោគនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងបង្កើតនូវការច្នៃប្រឌិតថ្មីៗ សម្រាប់ខេត្តសៀមរាប ឲ្យមានការរីកចម្រើន ដែលនឹងចូលរួមជំរុញឲ្យខេត្តមួយនេះ ក្លាយទៅជាគោលដៅសម្រាប់ធ្វើពាណិជ្ជកម្ម និងទេសចរណ៍ដ៏ល្បីនៅក្នុងពិភពលោក ។
ឯកឧត្តម ទៀ សីហា បានបន្តទៀតថា ខេត្តសៀមរាប ជាខេត្តមួយដែលមានភាពទាក់ទាញ ក្នុងការវិនិយោគ សម្រាប់វិស័យឧស្សាហកម្ម ហើយក៏ជាខេត្តមួយ ដែលផ្ដល់ឱកាសល្អជាច្រើនផងដែរ សម្រាប់ធ្វើពាណិជ្ជកម្ម មានលក្ខណៈកាន់តែប្រសើរឡើង ជាគោលដៅដ៏ទាក់ទាញជាទីបំផុតនៅក្នុងតំបន់ និងពិភពលោក និងមានភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្ម ដែលមានតម្លៃថោក ជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ការរៀបចំក្រុងឲ្យក្លាយទៅជាទីក្រុងវៃឆ្លាតអាស៊ាន ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រយៈពេលជិត២ឆ្នាំ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង យកនូវអស់នូវកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីរួមគ្នាធ្វើយ៉ាងណា កាត់ផ្ដាច់នូវការចម្លង ជំងឺដ៏កាច់សាហាវនេះចូលទៅក្នុងសហគមន៍។ តាមរយៈ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ច ជាសកល នៅកម្ពុជា ពិសេសខេត្តសៀមរាប ដែលមានវិស័យទេសចរណ៍ជាវិស័យចម្បងរបស់ខេត្ត។ សក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និង កែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ខេត្តសៀមរាប ដែលមកដល់ពេលនេះយើងបានសម្រេច នៃការសាងសង់ផ្លូវបាន១០០% ហើយគ្រោងនឹងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង ទី១- នៅក្នុងក្រុងសៀមរាប ទី២- នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងចូលរួមប្រកួតប្រជែងតម្លៃនៅលើទីផ្សារប្រកបដោយសមធម៌ និងផ្តល់នូវសេវាកម្មជាច្រើនទៀត ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋ ។
តាមការបញ្ជាក់របស់ លោកជំទាវឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធីវើលដ៏ ឯ.ក បានឲ្យ ដឹងថា ក្រុមហ៊ុនបានកំពង់ខិតខំកសាងទំនុកចិត្ត ជឿជាក់ពីអតិថិជន ដើមី្បលើកកម្ពស់ជីវភាពរស់នៅពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមដំបូលសន្តិភាព នៃកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវក៏បានបញ្ជាក់ផងដែរ ពីគោលការណ៍របស់ក្រុមហ៊ុន ដែលបានផ្តល់ការងារដល់ បុគ្គលិក ចំនួន ២ពាន់នាក់ ។ សូមបញ្ជាក់ផងដែរថា ការិយាល័យលក់ និង សាលប្រជុំ ដែលមានចំណុះមនុស្ស ១ពាន់នាក់ ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ៕