លោក កែ​ន សត្ថា អភិបាលខេត្ត​កែប លើកឡើងថា វិស័យ​កីឡា​ជា​វិស័យ​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​យុវជន សិស្សានុសិស្ស​ត្រូវ​បន្ត​ខិតខំ​ហាត់​កីឡា​គ្រប់​ប្រភេទ ដើម្បី​បង្កើន​កម្លាំង​កាយសម្បទា​ឲ្យបាន​កាន់តែ​រឹងមាំ ព្រោះ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់ លើ​ផ្នែក​វិស័យ​កីឡា ហើយ​ក៏​ចាត់​ទុក​វិស័យ​កីឡា​ជា​វិស័យ​អាទិភាព​មួយ ក្នុងចំណោម​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ការលើកឡើង​បែប​នេះ ក្នុងខណៈពេល លោក កែ​ន សត្ថា ចូលរួម​ធ្វើ​ជា​គណៈអធិបតី អបអរសាទរ​ពិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ កាលពី​រសៀល​ថ្ងៃ​អង្គារ ៤​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៦៥២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ រវាង​ក្រុម​បាល​ទាប់​ជម្រើស​ខេត្ត​កែប ជួប​ជាមួយ​ក្រុមបាល់ទាត់​ជម្រើស​ខេត្តបន្ទាយមានជ័យ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់ទៀតថា ការលេង​កីឡា​ពិតជា​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព ពិសេស​យើង​អាច​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​ដូច្នេះ​លោក​សូម​ផ្តាំផ្ញើ​ដល់​ក្រុម​យុវជន យុវនារី សិស្សានុសិស្ស​ទាំងអស់ បើ​ទំនេរ​ពី​ការ​រន​សូត្រ គួរតែ​នាំគ្នា​ហាត់​កីឡា លេង​កីឡា​ឲ្យបាន​ផុលផុស ដើម្បី​ពង្រឹង​អាវៈ​យ​វៈ​ឲ្យបាន​កាន់តែ​រឹងមាំ និង​មាន​សុខភាព​មាំមួន​។

​សូមជម្រាបថា​៖ ក្នុង​ពិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​ស​ម្តេច​តេជោ ហ៊ុន សែន នេះ​ក៏​មាន​ការចូលរួម​អម​ដំណើរ​ដោយ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៥១០​នាក់​។​

​ហើយ​លទ្ធផល​នៃ​ការប្រកួត ខេត្ត​កែប ឈ្នះ​ខេត្តបន្ទាយមានជ័យ (​កែប​៤ ,​បន្ទាយមានជ័យ​៣)​។ ក្នុងពេល​បិទ​ការប្រកួត លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកទឹកចិត្ដ​ដល់​កីឡា​ក​រគឺ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន ២.០០០.០០០៛ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ឧបត្ថម្ភ​ថវិកា​ចំនួន ៤០០.០០០៛ លោក​លឹម ឆៃ​វ​រ៉ាត់ ៤០០០០០៛ លោក​វណ្ណ ចាន់​វុទ្ធី ប្រធាន​មិត្ត​ហ្វូន ៤០០.០០០៛ លោក​ប៊ុន យោង​១០០.០០០៛ សរុប ៣.៣០០.០០០ រៀល​៕