(គេហទំព័រ ពន្លឺខ្មែរអមតៈ)នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យចាប់ខ្លួនមន្ត្រីអាវុធហត្ថចំនួន២នាក់នៅខេត្តសៀមរាប

ចេញផ្សាយថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

(សៀមរាប)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យចាប់ខ្លួន និងចាត់វិធានការលើមន្រ្តីអាវុធហត្ថចំនួន២នាក់ នៅខេត្តសៀមរាប ដែលពាក់ព័ន្ធគ្រឿងញៀន នៅពេលដែលមន្រ្តីអាវុធហត្ថទាំងនេះបានចុះបង្ក្រាបគ្រឿងញៀន។

ក្រោយចាប់ខ្លួនមន្រ្តីអាវុធហត្ថទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីចាត់ការបន្ត។

យោងតាមរបាយការណ៍របស់អាវធហត្ថខេត្តសៀមរាប បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថទាំង២នាក់ រួមមាន៖

*ទី១៖ លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន
*ទី២៖ នាយចំណង់ នាម ណាក់ ជំនួយការការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។ ពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថទាំង២នាក់ ពិតជាត្រូវបានចាប់ខ្លួនមែន ដោយសារពាក់ព័ន្ធនឹងបទ ល្មើសគ្រឿងញៀន។ នាយឧត្តមសេនីយ៍បានបន្តទៀតថា «ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែពួកគេបានប្រព្រឹត្តបទល្មើសពេលបំពេញតួនាទី ដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន ដូច្នេះអាវុធហត្ថត្រូវតែបង្ក្រាបតែម្តង»។

បើតាមនាយឧត្តមសេនីយ៍ កម្លាំងកងរាជអាវុធហត្ថត្រូវតែបង្ក្រាបមន្រ្តីអាវុធហត្ថទាំងឡាយណាដែលធ្វើខុសតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបនោះឡើយ ពោលត្រូវអនុវត្តតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ «ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា សម្រាប់អាវុធហត្ថមានទិសស្លោកជាត្រីវិស័យ បង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖

*ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ
*ទី២៖ ចំពោះប្រជាជនត្រូវតែបម្រើ
*ទី៣៖ ចំពោះច្បាប់ត្រូវតែគោរព
*ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។

ជាមួយគ្នានោះដែរ ក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា, បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕