​រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​បុណ្យ​វិសាខបូជា​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ថ្ងៃ​១៥ កើត ខែ​វិសាខ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ពុទ្ធសាសនិកជន​គ្រប់រូប ទូទាំង​ពិភពលោក ប្រារព្ធ​ពិធី​រម្លឹក​ជា​រៀងរាល់ឆ្នាំ តាមរយៈ​កម្មវិធី​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា គឺ វិសាខបូជា​នេះ​។

​វិសាខ​បូជា ដែល​ប្រារព្ធ​ឡើង​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​វត្ត​សត្ថា​ធម្ម​វិ​ហា (​ភ្នំ​ពោន​)​នេះ ដើម្បី​រំឭក​ដល់​ថ្ងៃ​ខួបកំណើត​(​ខួប​ទី​២៦៤២) ខួប​ថ្ងៃ​ត្រាស់ដឹង​(​ខួប​ទី​២៦០៧) និង​ខួប​ថ្ងៃ​ចូល បរិនិព្វាន​(២៥៦២) របស់​ព្រះ​សមណ​គោត្ត​ម ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​។ អភិលក្ខិតសម័យ​ទាំងបី​នេះ កើតឡើង​នៅ​ចំ​ថ្ងៃ​១៥​កើត ខែ​ពិសាខ​តែ​មួយ​ខុសគ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ​។​

​ម្យ៉ាងទៀត​អង្គការសហប្រជាជាតិ​បាន​កំណត់​យក​វិសាខបូជា ជា​ទិវា​អន្តរជាតិ ចាប់តាំងពី​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ មកម្ល៉េះ ដែល​ជា​ការទទួលស្គាល់​ជា​សាកល​អំពី​ការរួមចំណែក របស់​ព្រះពុទ្ធសាសនា​ក្នុង ពិភពលោក​ជាង​ពីរពាន់​ប្រាំ​រយ​ឆ្នាំ​មកនេះ​ហើយ​និង​កំពុង​បន្ត​នូវ ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការលើកស្ទួយ​ចិត្ត​វិញ្ញាណ​របស់​មនុស្សជាតិ​តទៅទៀត​។​

​ស្រប​ពេល​ថ្ងៃ​នេះ​ផងដែរ ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ រដ្ឋបាលខេត្ត​ក៏​បាន​រៀបចំ​បុណ្យ​វិសាខ​បូជា នៅ​វត្ត​សត្ថា​ធម្ម​វិហារ ព្រមទាំង​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​រូប​នៅ​វត្ត​សត្ថា​ធម្ម​វិហារ​ចំនួន​១៥៧​អង្គ ស្ថិតនៅ​ភ្នំ​ពោន ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ផងដែរ​។​

​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់​ក្នុង និង​ក្រៅ​ខេត្ត​កែប ជាច្រើនរូប បាន​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធី មាន​ការដើរ​ហែ​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ ការថ្វាយ​ភ្ញីផ្កា ការ​សូត្រធម៌​រំឭក​សរសើរ ការ​ស្តាប់ ធម្ម​ទេសនា និង​ការសាកសួរ​សាកច្ឆា​ធម៌​ជាដើម​។​

​កិច្ចការ​ទាំងនេះ ជា​ការប្រសើរ​ណាស់ ព្រោះ​បាន​នូវ​អានិសង្ស ដែល​កើត​មក​ពី​ការ​ធ្វើ​ទាន រក្សាសីល តែ​ជា​ពិសេស​ទៅទៀត​នោះ គឺ​ការ​ដែល​ប្រជា​ពុទ្ធបរិស័ទ គប្បី​យល់​ឱ្យ​កាន់តែ​បាន​ច្បាស់​ថែម​ទៀត​អំពី សារសំខាន់​របស់​ថ្ងៃ​ទាំងបី​នេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យក​មក​ប្រតិបត្តិ និង​អនុវត្ត​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្លួន​៕