(គេហទំព័រ ពន្លឺខ្មែរអមត:)មេឈ្មួញឈើដែលល្បីល្បាញជាងគេឈ្មោះ ជិន អូន បន្តផ្ដល់លុយឲ្យឈ្មោះ សាក់ សិច និងមេការសំខាន់ៗច្រើននាក់ទៀតចូលទៅកាប់បំផ្លាញព្រៃឡង់ ព្រៃព្រះរការ ជិតរលាយសាបសូន្យ?
ចេញផ្សាយថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រះវិហារ៖មានការលើកឡើងថាបច្ចុប្បន្នមេឈ្មួញឈ្មោះ ជិន អូន នៅតែបន្តសកម្មភាពប្រមូលទិញឈើខុសច្បាប់ពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា ដឹកជញ្ជូនមកសាងដាក់ឡានផ្សេងនៅផ្ទះឈ្មោះចិត្ត ស្ថិតក្នុងភូមិជីអោក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ហើយពួកក្រុមឈ្មួញដឹកឈើឆ្លងកាត់ខេត្តកំពង់ធំទៅលក់តាមបណ្ដារាជធានីខេត្តនានា ទាំងយប់ទាំងថ្ងៃដោយគ្មានច្បាប់ ឬប៉េសេអ្វីឡើយ។
សកម្មភាពរបស់ឈ្មួញឈើឈ្មោះ ជិន អូន កំពុងធ្វើឲ្យព្រៃឡង់ និងព្រៃព្រះរកា ក្នុងទឹកដីខេត្តព្រះវិហារ ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់មេឈ្មួញឈើឈ្មោះ ជិន អូន នោះទេ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យ អ្នកស្រី ជិន អូន លោក គឹម ឡាយ និងលោក សាក់ សិច ប្រមូលទិញឈើអាណាធិបតេយ្យម៉ាសេរី។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញឈើឈ្មោះ ជិន អូន បានឲ្យដឹងថា ដោយសារមេឈ្មួញឈើម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពប្រមូលទិញឈើ ដឹកចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ តាមអំពើចិត្ត។
សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់មេឈ្មួញឈើឈ្មោះ ជិន អូន នោះផង។
បើយើងនៅចាំមិនច្រឡំទេនោះ កាលពីឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដែលដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ គណៈកម្មការជាតិមួយនេះបង្កើតឡើង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទំាងប្រទេស។
កាលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ សៅ សុខា បើកការបង្ក្រាបបទល្មើសព្រៃឈើ ជាទ្រង់ទ្រាយធំដោយគំរាមក្នុងការប្រើគ្រាប់រ៉ុកកែតបាញ់ ពីលើឧទ្ធម្ភាគចក្រទៅលើក្រុមអ្នកកាប់បំផ្លាញព្រៃឈើខុសច្បាប់ផងដែរ។
ទោះបីជាសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសរឿយៗថានឹងចាត់វិធានការក្ដៅទៅលើក្រុមអ្នកកាប់ឈើក៏ដោយ ប៉ុន្តែរហូតដល់បច្ចុប្បន្នអ្នកសារព័ត៌មានក្នុងស្រុកយើងជាច្រើនអង្គភាពនៅតែអះអាងថា ការកាប់បំផ្លាញព្រៃឈើមិនមានការថយចុះឡើយ ពិសេសចាប់តាំងពីមានយុទ្ធនាការហាមឃាត់ប្រជាសហគមន៍ ពីសំណាក់មន្ត្រីបរិស្ថាន មិនឱ្យចូលល្បាតក្នុងព្រៃនៅតំបន់ព្រៃឡង់កាលពីដើមឆ្នាំ២០២០រហូតមក។
អ្នកតាមដានភាគច្រើនបានលើកឡើងថា ថ្វីត្បិតតែ រាជរដ្ឋាភិបាលបាលបានដាក់ចេញនូវវិធានការការពារព្រៃឈើ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើ ក្រុមឧទ្យារក្សនៃក្រសួងបរិស្ថាន និងគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិក៏ដោយ ប៉ុន្តែសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ នឹងព្រៃព្រះរកាមិនមានការថយចុះនោះទេ។ អ្នកតាមដានបន្តថា បទល្មើសព្រៃឈើថយចុះ លុះត្រាណាតែពួកមេឈ្មួញឈើធំៗ ដែលរកស៊ីកាប់និងដឹកជញ្ជូនឈើត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោស។ ក្រៅពីចាប់ខ្លួនអ្នកព្រឹត្តបទល្មើសហើយ រាជរដ្ឋាភិបាលក៏ត្រូវចាត់វិធានការទៅលើមន្ត្រីរបស់ខ្លួន ដែលបានឃុបឃិតជាមួយក្រុមអ្នកកាប់បំផ្លាញព្រៃឈើមកដាក់ទោសផងដែរ ។