(គេហទំព័រ ពន្លឺខ្មែរអមត:)លោកមេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឈួសឆាយធ្វើផ្លូវលើដីឯកជន បំពានដីកាតុលាការ ដោយយកលេសអភិវឌ្ឍមូលដ្ឋាន

ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

បាត់ដំបង៖ លោកមេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាពេលថ្មីៗនេះ បានយកលេសធ្វើផ្លូវលំមួយខ្សែ តាមគម្រោងអភិវឌ្ឍក្នុងឃុំ ដោយចាប់ផ្តើមឈួសឆាយកាត់លើដីរបស់ឯកជន បំពានដីកាហាមឃាត់របស់តុលាការ។

ទង្វើបំពានអំណាចតុលាការនេះ បានកើតឡើងតាមរយៈសកម្មភាពរបស់លោកមេឃុំដូនបា ឈ្មោះ ចិន សំអន បញ្ជាឲ្យឈ្មោះ ម៉ម សង ជាមេភូមិ គោករកា ប្រើគ្រឿងចក្រឈួសឆាយ លើដីស្របច្បា ប់របស់ប្រជាពលរដ្ឋ ដោយមិនមានការស្នើសុំ ឬឯកភាពពីម្ចាស់ដីឡើយ ដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានចាត់ទុកថា ជាការអាងអំណាចហួសហេតុ ក្នុងនាមជាមេឃុំ។

មិនទាន់មានប្រភពណាមួយបញ្ជាក់ពីពេលវេលានៃការចាប់ផ្តើមឈួសឆាយធ្វើផ្លូវកាត់លើដីរបស់ឯកជននេះឡើយ ប៉ុន្តែកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មាន បានឃើញគ្រឿងចក្រពីរគ្រឿង មានដូចជាអេស្កាវ៉ាទ័រកាយដីពីរគ្រឿង រ៉េវ៉ាលើកៀរផ្លូវមួយគ្រឿង និងរ៉ូឡូកិនដីមួយគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងតក់ក្រហល់។

ទង្វើឈួសឆាយធ្វើផ្លូវលើដីអ្នកដទៃ ដោយបំពានអំណាចដីការបស់តុលាការនេះ គឺស្ថិតនៅចំណុចទីតាំងដីមួយកន្លែង នៅប៉ែកខាងជើងភ្នំតូចភ្នំធំ ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាមិនមែនជាដែនដីក្នុងសមត្ថកិច្ចរបស់លោក ចិន សំអន។

ទាក់ទងនឹងទង្វើបំពានអំណាចដីកាតុលាការនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ដដែលនេះ លោក ចិន សំអន បានឆ្លើយបដិសេធថា លោកមិនបានដឹងអំពីដី ដែលលោកកំពុងប្រើគ្រឿងចក្រឈួសឆាយធ្វើផ្លូវនេះ គឺជាកម្មសិទ្ធិរបស់អ្នកដទៃឡើយ ហើយលោកក៏មិនបានប្រាប់ ឬស្នើសុំការយល់ព្រមពីម្ចាស់ដីនោះដែរ។

ជុំវិញទង្វើខុសច្បាប់របស់មេឃុំដូនបា ឈ្មោះ ចិន សំអន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទហៅចូលបួនទៅប្រាំដង ប៉ុន្តែគ្មានអ្នកទទួលឡើយ។

សូមរំឭកថា នាពេលកន្លងមក លោក យិន ម៉េងលី អ្នក​អង្កេត​សមាគម​អាដហុក​ ប្រចាំខេត្តបាត់ដំបង បាន​មាន​ប្រសាសន៍​ថា លោក ចិន សំអន មេឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានបង្កបញ្ហារបូលកច្របល់ក្នុងរឿងវិវាទដីធ្លី ក្នុងឃុំរបស់លោកដោយមិនចេះចប់មិនហើយ។

យោងតាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ក្នុងទង្វើបង្កបញ្ហាក្នុងមូលដ្ឋាននេះ កាលថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០០៨ លោក ចិន សំអន មេ​ឃុំ​ដូនបា ស្រុកគាស់ក្រឡ បាន​ទទួល​ស្គាល់​កំហុសរបស់ខ្លួន ហើយបានធ្វើលិខិតសុំអភ័យទោសពីលោកអភិបាលខេត្តបាត់ដំបងម្តងរួចមកហើយ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ លោកមេឃុំនៅតែប្រព្រឹត្តដដែល។

ដូច្នេះមហាជនស្នើដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជួយចាត់មន្ត្រីធ្វើអធិការកិច្ចស៊ើបអង្កេតភាពមិនប្រក្រតីរបស់លោក ចិន សំអន មេឃុំដូនបា ដើម្បីរកឲ្យឃើញកំហុស និងមានចំណាត់ការផ្លូវច្បាប់ ដើម្បីកុំឲ្យលោកប្រើអំណាចបំពានដីកាតុលាការ ហើយរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃជាបន្តទៀត៕