សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបនិងរឹបអូសឈើជ្រុង បានជាច្រើនរយកំណាត់ ដែលឈ្មួញគ្រោងដឹកជញ្ជូនពីខេត្តស្ទឹងត្រែង យកទៅលក់នៅក្នុងខេត្តរតនគិរី……

ចេញផ្សាយថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២២
ការិយាល័យគេហទំព័រ ពន្លឺខ្មែរអមត: 017778289=0882476167

(ខេត្តស្ទឹងត្រែង)÷ ឈើជ្រុងប្រភេទលេខ១ ជាង៣០០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងរឹបអូសឈើដែលក្រុមឈ្មួញកំពុងសម្រុកកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយគ្រោងនឹងដឹកជញ្ជូនឆ្លងចូលទៅខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម។

ប្រតិបត្តិការនេះត្រូវបានគេឲ្យដឹងថា បានធ្វើឡើងចាប់តាំងពីថ្ងៃទី២១មិថុនា រហូតដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២២នេះ នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពព័ត៌មានបានឲ្យដឹងថា ឈើជ្រុងដែលបានបង្ក្រាប និងរឹបអូសនាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង ៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុងមានមុខកាត់មធ្យម ០.៣ ម៉ែត្រ និងមានប្រវែង ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ ហើយឈើទាំងនេះ ទំនងក្រុមឈ្មួញ គ្រោងដឹកជញ្ជូនឆ្លងទន្លេសេសាន ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើជាច្រើនរយកំណាត់នេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសបំផ្លាញព្រៃឈើនោះទេ ព្រោះត្បិតជនទាំងនោះបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងស្តុកឈើនោះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញមានលុយ បានបំផុសប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ឲ្យចូលទៅក្នុងព្រៃក្រឡាពស់ និងភ្នំគុល កាប់និងឈើដឹកយកមកលក់ឲ្យខ្លួន ហើយព្រៃឈើដែលរងការកាប់បំផ្លាញនេះ សង្ស័យស្ថិតនៅក្នុងដែនព្រៃការពារជីវៈចម្រុះ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

ក្រោយការកាប់ផ្តួល និងពុះជ្រៀក ជា ៤ជ្រុងហើយ ក្រុមឈ្មួញសកម្មខាងបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃឈើ បានធ្វើការដឹកជញ្ជូនឈើទាំងនោះ តាមគោយន្តកន្ត្រៃ ឬរថយន្តកែច្នៃ យកមកទម្លាក់នៅមាត់ទន្លេក្នុងស្រុកសេសាន និងបន្ទាប់មកក៏ដឹកជញ្ជូនឆ្លងទឹក យកមកដាក់នៅមាត់ទន្លេត្រើយខាង ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី អាចនឹងដឹកបន្តយកទៅលក់នៅក្នុងប្រទេសវៀតណាម ថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយចុះ ខណៈនេះកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងរឹបអូសនេះដែរ ដោយមិនបណ្តោយឲ្យឈ្មួញបន្តធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃឈើ តទៅទៀតបានឡើយ។
ប្រជាពលរដ្ឋមានការកោតសរសើរ ចំពោះចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសេសាន ប៉ុន្តែ ពួកគាត់ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច ឲ្យបន្តចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ ខេត្តក្រចេះ នោះផងដែរ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូកនោះ មានជាច្រើននាក់ ប៉ុន្តែ មានម្នាក់ត្រូវគេស្គាល់ ឈ្មោះ តាវុធ ដែលគេនិយមហៅថា (តាវុធ ត្បូងខ្លា) ដែលជាឈ្មួញចាស់វស្សា រកស៊ីជួញដូរឈើនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនដែល
មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ សង្ស័យ តាវុធត្បូងខ្លា នេះ មានខ្នងបង្អែកធំនៅពីក្រោយ ទើបអាចដំណើរការដឹកជញ្ជូនឈើតាមទូក ពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តក្រចេះ បានយ៉ាងរលូនបែបនេះ?៕