​ពិធី​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច អាណត្តិ​ទី​៣

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ២​រោច ខែ ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជា​មួយ​អង្គ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច អាណត្តិ​ទី​៣ នៅ​សាលប្រជុំ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា​ស្រុក​ដងទង់ ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត ។​

​នៅក្នុង​ពិធី​នេះដែរ មាន​ការអញ្ជើញ​ចូលរួម​ពី ក្រុមការងារ​ថ្នាក់កណ្តាល​ទទួល​ស្រុក ក្រុមការងារ​ថ្នាក់ជាតិ​ទទួល​ស្រុក សមាជិក​អចិន្ត្រៃយ៍​គណៈបក្ស​ខេត្ត​ទទួលបន្ទុក​ស្រុក ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ទទួល​ឃុំ បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​ពេញសិទ្ធិ និង​បម្រុង បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​ដងទង់ បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រាច ពេញសិទ្ធិ និង​បម្រុង គណៈអចិន្ត្រៃយ៍​ស្រុក និង​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ស្រុក​ដងទង់ និង​ស្រុក​កំពង់ត្រាច សរុប​ចំនួន ៣៦០​នាក់​។​

​ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​គូសបញ្ជាក់ថា អង្គ​បោះឆ្នោត​ទាំងពីរ​ស្រុក​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលការណ៍​តាម​លក្ខខណ្ឌ​ការងារ​របស់​បក្ស ដោយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត​។​

​លោក​បណ្ឌិត​ក៏​បាន​រម្លឹក​ផងដែរ​ពី​ផលវិបាក​នៃ​សង្គ្រាម ដែល​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​យើង​ស្ទើតែ​បាត់បង់​ទាំង​ស្រុង នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​អាណាចក្រ ទាំង​ពុទ្ធចក្រ ពិសេស​ប្រទេស​ជាតិ​គ្មាន​ការអភិវឌ្ឍ គឺ​ដោយសារតែ​សង្គ្រាម​នេះ​ឯង​។​

​លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន បាន​បន្ថែមថា ពេល​នេះ​ប្រទេសជាតិ​យើង​កំពុង​មាន​សន្តិភាព និង​មាន​ការអភិវឌ្ឍ ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​សុខក្សេមក្សាន្ត​មាន​សុភមង្គល មាន​ភាព​រីកចម្រើន នេះ​គឺ​បាន​កើតចេញ​ពី​កត្តា​សន្តិភាព ស្ថិរភាព​។​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​រួមគ្នា ថែរក្សា​សន្តិភាព​ឲ្យបាន​ស្ថិតស្ថេរ គង់វង្ស បើទោះជា​ស្ថិត​ក្នុង​តម្លៃ​ណាក៏ដោយ​៕