​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​..!!

ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​ទា្វទសមាស ច្រត់ព្រះនង្គ័ល នៅ​ទី​ព្រះ​ស្រែ ភូមិ​ត្រពាំង​អង្គ សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​វេលា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ដោយមាន​ការយាង​និង​អញ្ជើញ​ចូលរួម​ដោយ ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​លំដាប់ថ្នាក់ បណ្តា​អង្គទូត​នានា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ផងដែរ​។​

​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ស្តេចយាង​ទត ពិព័រណ៍ ផលិតផល​កសិកម្ម និង​សិប្បកម្ម​កែច្នៃ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក ដែល​បាន​រៀបចំ​ឡើង ដើម្បី​ឆ្លុះ​បញ្ចំង​ឲ្យឃើញ​ពី​ភាព​រីកចម្រើន​ឥតឈប់ឈ​រ​ចំពោះ​វិស័យ​កសិកម្ម​ជាតិ ដែល​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​នា​ពេលកន្លងមក​។

​ព្រះរាជ​ពិធី​បុណ្យ​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​» និង​ម្យ៉ាងទៀត​ក៏​ជា​ការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ ក៏ដូចជា​បង្ហាញ​ឲ្យឃើញ​នូវ​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់ នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​កូនចៅ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ និង​ចំពោះ​វិស័យ​កសិកម្ម​ជាតិ​។​