
ករណីមានបោះបង្គោលចូលក្នុងសមុទ្រជាច្រើនហិកតា ស្ថិតក្នុងតំបន់អូរដូង សង្កាត់ត្រើយកោះ អាចនឹងត្រូវដកចេញវិញ បន្ទាប់ពីមានប្រតិកម្មពីអាជ្ញាធរខេត្តកំពត
(ខេត្តកំពត)៖ ក្រោយពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋាននានា ពិសេសការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពីករណីមានគេបោះបង្គោលចូលក្នុងសមុទ្រស្ថិតក្នុងតំបន់អូរដូង នៃភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក៏បានបញ្ជាដល់កម្លាំងជំនាញឲ្យចុះត្រួតពិនិត្យនិងស្រាវជ្រាវដើម្បីស្វែងរកការពិតជាបន្ទាន់។
ក្នុងដំណើរចុះត្រួតពិនិត្យដោយមន្ត្រីជំនាញមួយក្រុម ដែលដឹកនាំដោយ លោក នៃ គង់ អភិបាលរងខេត្តកំពត បានចុះទៅដល់ទីតាំងនៃការបោះបង្គោលក្នុងសមុទ្រ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
ទាក់ទិននឹងការបោះបង្គោលវាតចូលសមុទ្រនេះ លោក នៃ គង់ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យជាក់ស្តែង គឺក្រុមមន្ត្រីជំនាញមិនទាន់បានទទួលលទ្ធផលជាផ្លែផ្កានៅឡើយទេ ដោយរង់ចាំប្រមូលឯកសារឲ្យបានគ្រប់គ្រាន់សិនទើបអនុវត្តជាក្រោយ។ម្យ៉ាងទៀតបើតាមប្រជាពលរដ្ឋនៅក្បែរតំបន់អូរដូងនេះនិយាយថា បង្គោលដែលគេបោះចូលក្នុងសមុទ្រនេះកើតឡើងយូរឆ្នាំណាស់មកហើយ ពោលគឺបង្គោលក្នុងសមុទ្រនេះត្រូវបានបោះចូលសមុទ្រតាំងពីជំនាន់ លោក ខូយ ឃុនហ៊ួរ ធ្វើជាអភិបាលខេត្តកំពតមកម្លេះ។
ជុំវិញនឹងបង្គោលក្នុងសមុទ្រនេះដែរ មន្ត្រីម្នាក់ ក្នុងចំណោមក្រុមជំនាញខាងលើ បានបង្ហើបថា ទំហំដីដែលគេបោះបង្គោលមានប្រមាណ ៤៥,៦១៤ ហិកតា ដោយនៅឆ្នាំ២០០៨ កន្លងទៅ ដីនេះមាន ស.ជ.ណ របស់សាលាខេត្តកំពត ប្រគល់ឲ្យប្រជាពលរដ្ឋ១២គ្រួសារ ដែលគាត់អះអាងថាធ្លាប់ចិញ្ចឹមក្តាម បង្គារ ប៉ុន្តែប្រជាពលរដ្ឋជាក់ស្តែងពួកគាត់មិនដឹងនៅទីណាទេ ហើយតំបន់នេះក៏បានលក់បន្តគ្នា រហូតមកដល់បច្ចុប្បន្ន។
ដោយឡែក បើតាមការបញ្ជាក់អះអាងពីមន្ត្រីជាន់ខ្ពស់មួយរូបក្នុងខេត្តកំពត បាននិយាយថា ការបោះបង្គោលនេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺតាំងពីជំនាន់អភិបាលខេត្ត លោក ខូយ ឃុនហ៊ួរ មកម្លេះ ហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្តែដោយសារទឹកជោរ(ទឹកឡើងខ្លាំង)ទើបមើលឃើញរូបភាពបែបនេះ។
សូមបញ្ជាក់ថា៖ ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញព័ត៌មានក្នុងស្រុក លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានលើកឡើងថា ប្រសិនបើករណីនេះវាខុសនឹងច្បាប់មែននោះ លោកនឹងឲ្យដកបង្គោលចេញពីក្នុងទឹកសមុទ្រនេះវិញជាបន្ទាន់។
ជាបឹងការបោះបង្គោលថ្មចូលដែនសមុទ្រនេះ ក៏មានមជ្ឈដ្ឋានជាច្រើនកំពុងសំដែងការរិះគន់ឥតសំចៃ ដោយគេបានបង្ហាញពីចម្ងល់ថា ហេតុអ្វីពេលគេទៅបោះបង្គោលថ្មចូលក្នុងដែនសមុទ្រអាជ្ញាធរបែរជាមិនដឹង?ឬមួយចំណុចដែលគេបោះបង្គោលចូលសមុទ្រនោះ គ្មានអាជ្ញាធរណាគ្រប់គ្រងទេ ឬក៏ជា”តំបន់ស”មួយនៅក្នុងខេត្តកំពត?ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋរង់ចាំអ៊ុតមើលលទ្ធផលនៅពេលខាងមុខ៕

