​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​គន្លឹះ​គោលនយោបាយ​អភិវឌ្ឍន៍​ចំនួន​៣ របស់​កម្ពុជា ក្នុង​ការសម្រេច​គោលដៅ «​គ្មាន​នរណា​ម្នាក់​ត្រូវបាន​បំភ្លេចចោល​»

(​បាងកក​-​ថៃ​)៖ ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៥ របស់ UN-ESCAP ការផ្ដល់​សិទ្ធិ​អំណាច​ប្រជាជន និង​ការធានា​នូវ​បរិយាប័​ន្ន និង​សមភាព នា​ទីក្រុង​បាងកក ប្រទេស​ថៃ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានបង្ហាញ​គន្លឹះ​គោលនយោបាយ​អភិវឌ្ឍន៍​ចំនួន​៣ របស់​កម្ពុជា ក្នុង​ការសម្រេច​គោលដៅ «​គ្មាន​នរណា​ម្នាក់​ត្រូវបាន​បំភ្លេចចោល​»​។​

​គន្លឹះ​គោលនយោបាយ​អភិវឌ្ឍន៍​ចំនួន​៣ ចំណុច​សំខាន់ៗ ដែល​មានប្រសាសន៍​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រួមមាន​៖

*​ទី​១៖ ការដាក់ចេញ​នូវ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការធានា​ឲ្យមាន​សុវត្ថិភា​ព ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​បង្កើន​សុខុមាលភាព​របស់​ប្រជាជន និង​ពង្រឹង​សាមគ្គីភាព​ក្នុងសង្គម​។​

*​ទី​២៖ ការផ្តល់​សេវា​ថែទាំ​សុខភាព ដែល​មាន​គុណភាព និង​មាន​តម្លៃ​សមរម្យ តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល ដែល​បាន​ផ្តល់​សេវា​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន​ក្រីក្រ ព្រម​ទាំង​ការផ្តល់​នូវ​ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ដល់​ស្ត្រី​សម្រាលកូន ក៏ដូចជា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ​។​

*​ទី​៣៖ ការដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់​២០១៧-២០៣០ ដែល​សំដៅ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​វ័យចាស់ ដោយ​យកចិត្តទុកដាក់​លើ​ការប្រែប្រួល នៃ​កត្តា​ប្រជាសាស្ត្រ ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការធានា​ថា មនុស្ស​វ័យចាស់​អាច​ចូលរួម​ដោយ​សេរី និង​មាន​សេចក្តីថ្លៃថ្នូរ នៅក្នុង​គ្រួសារ​, សហគមន៍​, សកម្មភាព​សេដ្ឋ​កិ​ច​, សកម្មភាព​សាសនា និង​សកម្មភាព​នយោបាយ តាម​បំណងប្រាថ្នា​របស់​ពួកគាត់ ហើយ​ប្រជាជន​វ័យក្មេង ក៏​ត្រូវតែ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ដែល​អាច​អនុញ្ញាតឲ្យ​ពួកគេ​រស់នៅ​ប្រកប​ដោយ​ផលិតភាព​, សុខភាព​ល្អ មាន​ភាព​សកម្ម និង​មាន​សេចក្តីថ្លៃថ្នូរ នៅ​ពេល​ពួកគេ​ឈាន​ដល់​វ័យ​ចំណាស់​។​

​បន្ថែម​ពី​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​គូសបញ្ជាក់ថា បទពិសោធន៍​របស់​កម្ពុជា បានបញ្ជាក់​ច្បាស់​ថា សន្ដិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋាន​គ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ហើយ​បញ្ច្រាស​មក​វិញ ការអភិវឌ្ឍ​ប្រកបដោយ​បរិយាប័​ន្ន និង​សមធម៌ គឺ​លក្ខខណ្ឌ​ដ៏​ចាំបាច់​សម្រាប់​ពង្រឹង និង​ធានា​នូវ​សុខសន្ដិភាព និង​ស្ថិរភាព​សង្គម​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ឈរ​លើ​មូលដ្ឋាន​នៃ​បទពិសោធន៍​នេះ ប្រជាជាតិ​កម្ពុជា​ទាំងមូល ផ្ដល់​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​ការខិតខំ​បន្ដ ថែរក្សា​សន្ដិភាព និង​ស្ថិរភាព ព្រមទាំង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​បរិយាប័​ន្ន ដែល​បច្ចុប្បន្ន​នេះ​កំពុង​ហុច​ផ្លែផ្កា​យ៉ាង​ពិតប្រាកដ ជា​ប្រយោជន៍​ជូន​ដល់​ពលរដ្ឋ​កម្ពុជា នៅ​គ្រប់​ច្រកល្ហក​ក្នុង​ផ្ទៃ​ប្រទេស​៕