​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ដាំ​កូន​ឈើ​ជួស​កូនឈើ​ដែល​ងាប់ នៅលើ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ​

(​ភ្នំពេញ​)៖ ក្រោយពី​មាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចុះ​ដាំ​កូនឈើ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​អាណាចក្រ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ​។​

​លោក គាំ សីហា បានឲ្យដឹងថា កូនឈើ​ដែល​ដាំ​នៅពេលនេះ យើង​ដាំ​ជួស​កូនឈើ​ដែល​បាន​ងាប់ ដែល​រដ្ឋបាល​រាជធានី​បាន​ដាំ​កន្លងមក​។ លោក​បន្តថា កូនឈើ​ដែល​ដាំ​ជួស​នេះ មាន​ចំនួន ២៨​ដើម​ជា​ប្រភេទ​ឈើ​ធ្នុង ក្នង​ចំណោម ២៩៤​ដើម​។​

​លោក គាំ សីហា បាន​បញ្ជាក់ទៀតថា កន្លង​មក​កូនឈើ​ប្រភេទ​ធ្នុង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាំ​អម​សងខាង​ផ្លូវ ៦០​ម៉ែត្រ​នេះ​ជិត ៣០០​ដើម​។ ប៉ុន្តែ​មាន​ខ្លះ​ត្រូវ​ងាប់​ទើប អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​មក​រដ្ឋបាល​ព្រៃឈើ ដាំ​ជួស​ឡើងវិញ នូវ​កូនឈើ​ដែល​បាន​ងាប់​នេះ​៕