
មន្ទីរសាធារណការខេត្តប៉ៃលិនប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមប្រធានបទរួមគ្នាគាំទ្រការរឹតបន្តិងអនុវត្តច្បាប់ស្តីពីចរាចរណ៍
ប៉ៃលិន ៖ អនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោមប្រធានបទ( រួមគ្នាគាំទ្រការរឹតបន្តិងអនុវត្តច្បាប់ស្តីពីចរាចរណ៍)
នៅវត្តរតនាសោភ័ណ្ឌ(ហៅវត្តកោងកាង) នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឈ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សទូទាំងខេត្តប៉ៃលិនបានប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ក្រោម ប្រធានបទ( រួមគ្នាគាំទ្រការរឹតបន្តិងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ) ដែលពីធីនេះស្ថិតក្រោមអធិបតីភាពលោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តនិង ជាប្រធានអនុគណៈកម្មការ សុវត្តិភាពចរាចរណ៍ ផ្លូវគោកខេត្តប៉ៃលិន ។
លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២នៅពេលនេះដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ទូទាំងខេត្ត សំដៅដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ អោយខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ ពីមុនអោយមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ឯកឧត្តមលើកឡើងថា ៖ការគ្រោះថ្នាក់បណ្តាលមកពីកត្តា៣សំខាន់ៗគឺៈ ទី១.កត្តាមនុស្ស មិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្សែក្រវ៉ាត់ជា ដើម។ ទី២.កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ី កង់ចាស់ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម។ និងទី៣.កត្តាផ្លូវ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍ ដូច្នេះសូមអោយអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេច ហ៊ុន សែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមម៉ូតូនិងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។
បើតាមរបាយការណ៍លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាអនុប្រធានអនុគណៈកម្មការ សុវត្តិភាព ចរា ចរណ៍ ផ្លូវគោកខេត្តប៉ៃលិនបានអោយ ឲ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តនៅក្នុងឆ្នាំ២០១៩ ចាប់ពី ខែ មករាដល់ខែឧសភា មានករណីកើតឡើងសរុបចំនួន២០លើក មានមនុស្សរង របួស ធ្ងន់ចំនួន ២១នាក់ស្រី០៦ នាក់ មនុស្សរងរបួសស្រាលចំនួន១៦នាក់ ស្រី០៣នាក់ មនុស្ស ស្លាប់ ចំនួន០៦នាក់ ស្រី០១នាក់។
ក្នុងនោះដែរក្រុមលេខាធិការដ្ឋាន នៃអនុគណៈ កម្មការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកបានចែកមួកសុវត្ថភាពអស់ចំនួន ២៩០មួក។និងបានត្រួត ពិនិត្យ រថយន្តបានចំនួន៧១៧គ្រឿង រថយន្តមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាម លក្ខណៈ បច្ចេកទេសចំនួន៥២៩គ្រឿង និងរថយន្តមិនមាន ឯកសារគ្រប់គ្រាន់ ចំនួន ១៩១ គ្រឿង។
ក្នុងឱកាសនោះដែរលោក ចេង ញ៉ាន់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កង កំលាំងគ្រប់ លំដាប់ថ្នាក់ ព្រះសង្ឈ លោកគ្រូអ្នកអ្នកគ្រូសិស្សា នុសិស្សទូទាំងខេត្ត ប៉ៃលិន ក៍បានដង្ហែក្បួន ផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលចាប់ផ្តើមពីចំណុច វត្ត រតន សោភ័ណ្ឌ(ហៅវត្តកោងកាង)រហូតដល់ផ្សាប៉ាហ៊ី ឡើងមកចំណុចវិមានឯករាជ្យវិញ ៕