
ពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកទឹកឈូ ខេត្តកំពត បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២៥ ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “សុខុមាលភាពគ្រួសារ ជាកត្តាលីករ ក្នុងកាអនុវត្តប្រព័ន្ធគាំពាសង្គមនៅកម្ពុជា” ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណអភិបាលខេត្តកំពត និងលោកស្រី។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត អាជ្ញាធរពាក់ព័ន្ធ អតីតមន្ត្រីរាជការសីុវិល និងប្រជាពលរដ្ឋសរុបប្រមាណ៦០០នាក់។
មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានអំពាវនាវដូចខាងក្រោម៖
១. គ្រួសារ និងសហគមន៍នីមួយៗ ត្រូវពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទំលាប់ល្អ របស់ខ្មែរយើង និងផ្តល់ការអប់រំរៀនសូត្រទាំងចំណេះដឹងទូទៅ និងជំនាញវិជ្ជាជីវៈ ដល់កូនចៅយើងជំនាន់ក្រោយៗទៀត។
២. មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តជំរុញការអនុវត្តន៍ គោលនយោបាយជាតិស្តីពីគ្រួសារ ពង្រឹង និងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្ររងគ្រោះ និងងាយរងគ្រោះ និងបង្កលក្ខណៈសម្បត្តិកាន់តែល្អប្រសើរ ជូនគ្រួសារក្នុងការកសាងជីវភាពស្របទៅនិងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ។
៣. មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបង្កើតសកម្មភាពមនុស្សធម៌ អោយកាន់តែខ្លាំងក្លាថែមទៀត។
៤. គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយអោយបានទូលំទូលាយអំពីតួនាទី និងកាតព្វកិច្ចរបស់មាតាបិតាក្នុងការអប់រំកូនចៅ ព្រមទាំងផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត និងលោកស្រី ក៏បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ដល់ប្រជាពលរដ្ឋ៥០០គ្រួសារ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន២ម៉ឺនរៀលផងដែរ៕
