ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកម្មពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសម្រាប់ធ្នាប់សាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក គាំង សាវឿន អនុប្រធាននាយកដ្ឋានកណ្ដាលសម្រាប់ធ្នាប់សាធារណៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ លោកប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត និងអស់លោក លោកស្រីប្រតិភូអមដំណើរគណៈអធិបតី សរុបចំនួន ១២២ រូប។
លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានរំលឹក និងជំរុញដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលការពារបេតិកភណ្ឌដែលត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ ត្រូវបន្តអនុវត្តតួនាទីការងារ ដូចខាងក្រោម ៖
១-ការពារថែរក្សាឱ្យបានស្ថិតស្ថិរគង់វង្សនូវសារពើបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្ររបស់ជាតិ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិនានាដែលពាក់ព័ន្ធដល់កិច្ចការពារបេតិកភណ្ឌ។ ប្រមែប្រមូលព័ត៌មាន និងទទួលបញ្ជីសារពើបេតិកភណ្ឌសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាតិក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីបម្រើសំណូមពរនៃកិច្ចប្រតិបត្តិការគ្រប់គ្រង និងថែរក្សា ស្រាវជ្រាវ លើកយោបល់អំពីវិធានការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបំផ្លិចបំផ្លាញ លួច លាក់ ទិញ លក់ និងដឹកជញ្ជូនសម្បត្តិបេតិកភណ្ឌវប្បធម៌ខុសច្បាប់។
២-ចាត់តាំងស៊ើបអង្កេត និងត្រួតពិនិត្យឆែកឆេរ ចាប់ខ្លួនជនល្មើសដែលពាក់ព័ន្ធដល់ការបង្កគ្រោះមហន្តរាយសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ ដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនល្មើសព្រមទាំងវត្ថុតាង ទៅតុលាការផ្តន្ទាទោសតាមច្បាប់។ សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបជនល្មើសដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។
៣-ទំនាក់ទំនងជាមួយអង្កការយូណេស្កូ អង្កការជាតិនិងអន្តរជាតិនានា ដើម្បីទទួលការណែនាំ ផ្សព្វផ្សាយគោលការណ៍ និងទទួលជំនួយឧបត្ថម្ភ បម្រើសេវាការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រជាតិ។
៤-សហការជាមួយនគរបាលទេសចរក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ជូនគណៈប្រតិភូ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកបំពេញបេសកកម្ម ទស្សនកិច្ច និងទស្សនាកម្សាន្តក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត។
៥-អនុវត្តវិធានការជំនាញនានាតាមគោលការណ៍ណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។
៦-ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិ កសាងស្នាដៃ និងកិត្តិយសរបស់នគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ។
៧-អនុវត្តភារកិច្ចផ្សេងៗទៀតដែលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃប្រគល់ឱ្យ។
សូមបញ្ជាក់ផងដែលថា នៅក្នុងឱកាសដ៏វិសេសវិសាននេះមន្ត្រីនគរបាលជាតិដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមានចំនួនសរុប ៦០ រូប ក្នុងនោះមានស្រី ៦ រូប ផងដែល។