គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៣ ចេញផ្សាយថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ នាថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានរៀបចំកិច្ចប្រចាំខែមករា ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិផងដែរ សរុបចំនួន ៥០នាក់ ស្រី៣១ នាក់ ។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើរបៀបវរៈខាងលើ ក៏ដូចជាបញ្ហាប្រឈមមួយចំនួន អង្គប្រជុំបានលើកជាអនុសាសន៍ និងដាក់ផែនការសម្រាប់អនុវត្តបន្ត ដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់។ ពង្រឹងលើកិច្ចសហការជាមួយអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋានអំពីការធ្វើសមាហរណកម្មជនរងគ្រោះត្រឡប់មកសហគមន៍វិញ ដើម្បីងាយស្រួលដល់អាជ្ញាធរធ្វើការតាមដានបន្ត។ និងបានជំរុញឱ្យមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិអន្តរជាតិទាំងអស់បន្តសហការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទៅតាមផែនការដែលបានលើកឡើង ពិសេសពង្រឹងទៅលើការផ្សព្វផ្សាយតាមគ្រប់រូបភាព ការផ្តល់សេវា សមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះ និងការបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា និងការផ្តន្ទាទោសឱ្យខានតែបាន។