​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​នានា វត្ត​ដងទង់ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​មាឃ ឆ្នាំ​កុរ ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​វត្ត​ដងទង់ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់​ខេត្ត​កំពត ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ ប្រជាពលរដ្ឋ តាជី​យាយជី សរុប​ប្រមាណ ៣០០០​នាក់​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា វត្ត​នៅ​ក្នុង​ខេត្ត​កំពត​មាន​ចំនួន ២៦៨​វត្ត មាន​ព្រះសង្ឃ ២៤១៦​អង្គ ស៊ូ​រ៉ាវ​សម្រាប់​សាសនា​ឥស្លាម​ចំនួន​៣៧​កន្លែង វិហារ​ចំនួន​៣៥​កន្លែង មាន​វិហារ​កាតូលិក​សម្រាប់​គ្រឹះ​សាសនា​ចំនួន​៣៨​កន្លែង ស្នាក់ការ​ថ្វាយបង្គំ​១៥​កន្លែង​និង​មាន​វិហារ​សាសនា​មហាយាន​៤​កន្លែង​។​ដោយឡែក​សម្រាប់​វត្ត​ស្រុក​ដងទង់ មាន​វត្ត​សរុប​ចំនួន​២៧​វត្ត និង​មាន​ព្រះសង្ឃ​សរុប​ចំនួន​១៧២​អង្គ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ពិសេស​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចូលរួមចំណែក ក្នុង​ការកសាង​សមិទ្ធផល ក្នុង​ទី​អារាម​នេះ​។ ឯកឧត្តម​បាន​គូសបញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ធ្វើឱ្យ​វិស័យ​សាសនា​មាន​ភាព​រីកចម្រើន​ឥតឈប់ឈរ ដោយឡែក​បើ​និយាយ​ពី​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​ក្នុង​ខេត្ត​កំពត​ត្រូវបាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​គ្រប់​ទីកន្លែង​។​

​សូមបញ្ជាក់​ថា​៖ តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​ដងទង់ បានឱ្យដឹងថា វត្ត​ដងទង់ ក្នុង​សម័យ​ប៉ុលពត ត្រូវ​បាន​រង​ការបំផ្លិចបំផ្លាញ​គ្មាន​សល់ ដូច​វត្ត​ដទៃទៀត​ដែរ​ក្នុង​កម្ពុជា​យើង​ដែរ​។ នៅ​ក្រោយ​ឆ្នាំ​១៩៧៩ នៅសល់តែ ព្រះពុទ្ធ​រូប​បដិមាករ​ស័ក​សិទ្ធ​មួយ​ព្រះអង្គ និង​ចេតិយ​បុរាណ​មួយ​ប៉ុណ្ណោះ​។ លុះ​ឆ្នាំ​១៩៨៤ ទើប​បាន​ចាប់ផ្ដើម​កសាង​ឡើងវិញ ហើយក៏​មាន​ការរីកចម្រើន​នូវ​សមិទ្ធផល​នានា​ក្នុង​ទី​អារាម​វត្ត​នេះ​ជា​បន្តបន្ទាប់​រហូត​ដូច​សព្វថ្ងៃនេះ​។

​ដោយឡែក ផ្ដើមចេញ​ពី​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ពេញ​បរិបូណ៍ សមិទ្ធផល​ក្នុង​ទី​អារាម​វត្ត​ដងទង់​នេះ មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ពិសេស​ព្រះវិហារ​ដែល​ត្រូវ​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នា​ពេល​នេះ គឺ​ក្រោម​ជំនួយ​ឧបត្ថម្ភ គាំទ្រ​ទាំង​ស្មារតី​សម្ភារៈ​ថវិកា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ រួម​នឹង​ការចូល​បរិច្ចាគ​ធនធាន​ថវិកា​ពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​៤៩៨.១២២​ដុល្លារ​។​ក្នុងនោះ​ដែរ​លោក​អភិបាលខេត្ត បាន​ចួលរួម​បច្ច័យ សម្រាប់​រៀបចំ​កម្មវិធី​នេះ​ចំនួន ១០​លាន​រៀល​ផងដែរ​៕