រវាងខេត្តទាំងពីរបានជួបគ្នាហើយក្នុងពិធីប្រគល់ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល  ព្រំប្រទល់រដ្ឋបាលពីរដ្ឋបាលខេត្តបាត់ដំបង ជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិន ចេញផ្សាយថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ ពិធីប្រគល់-ទទួលលិខិតផ្ទេរសិទ្ធិ និងកាតព្វកិច្ចក្នុងភូមិសាស្ត្រដែលបានកែសម្រួល  ព្រំប្រទល់រដ្ឋបាលពីរដ្ឋបាលខេត្តបាត់ដំបង ជូនទៅឱ្យរដ្ឋបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

ផ្អែកតាមព្រះរាជក្រឹត្យ នស/រកត/១០២២/១២៩២ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានកែសម្រួលដូចខាងក្រោម ៖

-កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង ដោយកាត់យកភូមិសាស្រ្តតំបន់ភ្នំដំបង នៃឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៦.៦៨៥ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងសង្កែជាខ្សែព្រំប្រទល់រដ្ឋបាល ។

  -កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងស្រុកកំរៀង ខេត្តបាត់ដំបង ដោយកាត់យកភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង នៃឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ១.៣៧៦ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងកាត់យកភូមិកំពង់ចម្លងក្រោម នៃឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានផ្ទៃដីសរុបចំនួន ៣.៦១៨ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកំណត់យកស្ទឹងមង្គលបូរីជាខ្សែព្រំប្រទល់រដ្ឋបាល៕