ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ លួចបង្កប់បើកលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ តាមហាងលក់កាហ្វេជាច្រើនកន្លែង ក្នុងស្រុកត្រពាំងប្រាសាទ ផ្គើននិងបទបញ្ជាស្ដីពីការទប់ស្កាត់របស់ សម្តេច តេជោ ហ៊ុន សែន!! ចេញផ្សាយថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបានស្ងប់ស្ងាត់អស់មួយរយៈ តែឥឡូវមានពលរដ្ឋរាយការណ៍មកថាៈ មានបនល្បែងសុីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ជាច្រើនកន្លែងក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កប់បើកលេងក្នុងហាងលក់កាហ្វេ ដោយឃើញមានក្រុមអ្នកញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្រ្កាបសោះ!
ប្រភពដដែលបន្តទៀតថាៈ ទីតាំងបនល្បែងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ នៅក្នុងស្រុកត្រពាំងប្រាសាទនេះមានចំនួនបីកន្លែង ទី១.(នៅក្នុងហាងលក់កាហ្វេ នៅភូមិទំនប់ខ្នោ) ទី២.(ក្នុងហាងលក់កាហ្វេ ជិតផ្សារទំនប់ដាច់) និង ទី៣.(ក្នុងហាងលក់កាហ្វេ យីហោ វឌ្ឍនា កាហ្វេមណ្ឌលគិរី)ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទចម្ងាយប្រហែលជាង ២០០ ម៉ែត្រ ដោយកន្លែងនីមួយៗ មានអ្នកចូលទៅលេងយ៉ាងច្រើនកុះករ ភ្នាល់ដាក់លុយមួយគូៗ រាប់ម៉ឺនទៅរាប់សិបម៉ឺនរៀល អ្នកខ្លះចាញ់ល្បែងអស់លុយរាប់លានរៀលក៏មានដែរក្នុងមួយថ្ងៃៗ ចំណែកឯលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ និងលោក ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដែលទើបនិងឡើងកាន់តំណែងថ្មី មិនមានចាត់វិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយ! សង្ស័យបានទទួលលាភសក្ការៈខ្លះៗ ពីម្ចាស់ក្រុមហ៊ុនជល់មាន់អនឡាញ ខាងលើនេះរួចផងក៏មិនដឹង? ទើបដើរបញ្រ្ចាសទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ជុំវិញករណីបនល្បែងសុីសងខុសច្បាប់នេះ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានលើកឡើងថាៈ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានបញ្ហាអសន្តិសុខ(ពោលគឺ)ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាពិសេស ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាប ទីតាំងបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញខុសច្បាប់ ដែលកំពុងលាក់ខ្លួនពួនសម្ងំលេងនៅក្នុង(ហាងលក់កាហ្វេ)ជាច្រើនកន្លែង ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផងទាន។
សូមរំលឹកថាៈ កាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យ គណៈអភិបាល ទាំង២៥ រាជធានី ខេត្ត ក្រុង ត្រូវតែបង្ក្រាបរាលើទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាៈ បើអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕