
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងអញ្ជើញអធិបតីចូលរួមប្រជុំលោកអភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀតបានមានប្រសាសន៍ណែនាំត្រូវបន្តការយកចិត្តទុកដាក់ទប់ស្កាត់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ដែលកើតមានលើទឹកដីរបស់ខ្លួនគ្រប់គ្រង..! ចេញផ្សាយថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ នៅរសៀលថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមីនា ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត ។
បន្ទាប់ពីបានស្ដាប់អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចកន្លងទៅនេះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងបញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ដែលកើតមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពបំផុត ។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានធ្វើការណែនាំដល់លោកអភិបាលស្រុក និងប្រធានច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែនទាំងអស់ ត្រូវធ្វើការទប់ស្កាត់លួចឆ្លងដែនខុសច្បាប់នៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នានាក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ហើយបើករណីមានការលួចជួញដូរមនុស្សខុសច្បាប់ ត្រូវធ្វើការស្វែងរកឱ្យឃើញនូវមេខ្លោងក្នុងការនាំមនុស្សចេញចូលខុសច្បាប់ ក៏ដូចជាត្រូវចូលរួមក្នុងការទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ដោយមិនមានការបង់ពន្ធ ធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ ។
ឯកឧត្តម បានបន្តទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានព្រឹត្តិការណ៍សង្រ្កាន្ដឆ្នាំថ្មី ដូចនេះសូមលោក លោកស្រីអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំក្រុមប្រចាំការឱ្យបានរួចជាស្រេចក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានរួចជាស្រេច ព្រោះថាឥឡូវនេះជារដូវក្ដៅ ហើយអាកាសធាតុហាក់បីដូចជាកាន់តែមានកម្ដៅជាងមុន ដែលងាយនឹងបង្កឱ្យបានជាគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្រ្តាក់ជាដើម ពិសេសគឺអាចបង្កឱ្យមានអគ្គិភ័យឆាបឆេះឡើង ដូចនេះត្រូវត្រៀមរួចជាស្រេចក្នុងការចេញអន្តរគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីកើតឡើងណាមួយជាយថាហេតុ។