ក្រុមកីឡាបាល់ទាត់ប្រកួតមិត្តភាពពីរក្រុមមានជម្លោះជនសង្ស័យបានដកកាំភ្លើងខ្លីមកគម្រាមក្រុមម្ខាងទៀតត្រូវកងរាជអាវុធហត្ថកំពុងស្វែងរកចាប់ខ្លួន ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តតាកែវ ÷ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង១២.១០នាទី
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ស៊ន ប៊ុនធឿន ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីករណី ប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាតិ និងគំរាមថានឹងសម្លាប់។

បន្ទាប់ពីទទួលបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ នៅចំនុចភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

ជាលទ្ធផល៖ នៅវេលាម៉ោង ១៦.២០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្រុមកីឡាបាល់ទាត់របស់សាលាសាសនាគ្រឹស្តស្រុកបាទី បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់ស្រុកសំរោង នៅកន្លែងកើតហេតុខាងលើ។

ក្នុងពេលប្រកួតក្រុមទាំងពីរក៏មានជម្លោះនឹងគ្នា ពេលនោះជនសង្ស័យ ឈ្មោះ ស្រុង ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(សមាជិកក្រុមបាល់ទាត់ខាងស្រុកបាទី)បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមមកគម្រាមក្រុមបាល់ទាត់ខាងស្រុកសំរោង ពេលនោះប្រធានក្រុមបាល់ទាត់ខាងស្រុកបាទី ឈ្មោះ នួន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាសាសនាគ្រឹស្តស្រុកបាទី បានចូលមកឃាត់ និងដកយកអាវុធខ្លីនោះពីជនសង្ស័យ មកសៀតនៅនឹងចង្កេះ(ដូចដែលមានរូបភាពបង្ហោះតាមបណ្តាញសង្គម)។

បន្ទាប់ពីមានការសម្របសម្រួលរួចក្រុមទាំងពីរក៏បានស្រុះស្រួលគ្នា និងបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លុះដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីឈ្មោះ នួន តុលា (ប្រធានក្រុមបាល់ទាត់ស្រុកបាទី)បានយកអាវុធខ្លីខាងលើប្រគល់ជូនឪពុកជនសង្ស័យរួច នៅវេលាម៉ោង៩.២៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឪពុកជនសង្ស័យឈ្មោះ សែម ទ្រី អាយុ៥២ឆ្នាំ រស់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានប្រគល់អាវុធខ្លីខាងលើ ដល់ការិយាល័យជំនាញដើម្បីរក្សាទុកធ្វើជាភស្តុតាង។ រីឯជនសង្ស័យបន្ទាប់ពីបានប្រព្រឹត្តិបទល្មើសរួច បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន៖ កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់។