អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានានៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ នេះអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីដាក់ឱ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនោះដែរក៏បានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោកស្នងការនគរបាលរាជធានីខេត្ត និងមន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបពីសមិទ្ធផលនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងគ្រប់ស្ថាប័ន ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប។ ជាកិច្ចបញ្ចប់ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិតផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនផងដែរ៕