ឈ្មួញជីកយកអាចម៌ដីនៅឃុំស្រុកបាធាយកំពុងសម្រុកដឹកដី មានរថយន្តរាប់សិបគ្រឿង ដឹកជញ្ជូនដោយខុសបច្ចេកទេស មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ

ខេត្តកំពង់ចាម៖ ការរដ្ឋានរណ្ដៅជីកយកអាចម៌ដីនៅឃុំស្រុកបាធាយរងការរិះគន់ពីប្រជាពលរដ្ឋពិសេសអ្នកធ្វើដំណើរឆ្លងកាត់ថា៖មានរថយន្តរាប់សិបគ្រឿង កំពុងសម្រុកដឹកជញ្ជូនខុសបច្ចេកទេសប្រជាពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញ ទៅកំពង់ចាម លើផ្លូវជាតិលេខ៦ ជិតដល់ទីរួម ស្រុកបាធាយខ្វះប្រហែល១គីឡូម៉ែត្រ នៅខាងស្ដាំដៃនិងឃើញក្រុមរថយន្តដឹកជញ្ជូនអាចម៍ដី កំពុងធ្វើសកម្មភាពដូចស្រមោចចេញពីការដ្ឋានមួយកន្លែងសកម្មដោយមិនខ្វល់លើផលប៉ះពាល់សាធារណៈឡើយ

យោងតាមរដ្ឋបាលស្រុកបាធាយបានអះអាងថា៖ ការដ្ឋានដែលកំពុងជីកយកអាចម៍ដីនោះ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីថ្នាក់ខេត្តទៀតផង។ ហើយសកម្មភាពដឹកអាចម៍ដីដោយរថយន្តរាប់សិបគ្រឿង នៅចំណុចភូមិឃុំស្រុកបាធាយខេត្តកំពង់ចាម ធ្វើឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៦Aរិះគន់យ៉ាងខ្លាំង។ ដោយឡែកប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះប្រាប់ថា៖ការដ្ឋានរណ្ដៅដីនេះជាកម្មសិទ្ធិរបស់ហ៊ាថន និងចែនី ដែលជាឈ្មួញដ៏ធំ និងមានមុខមាត់នៅក្នុងមូលដ្ឋានខាងលើ។ សកម្មភាពនៃការដឹកជញ្ជូននេះរងការរិះគន់ ពីអ្នកធ្វើដំណើរក៏ព្រោះតែមិនបានគ្របតង់ឲ្យបានត្រឹមត្រូវនិងមានជ្រុះអាចម៌ដីតាមផ្លូវជាតិទៀតផង។

ការដ្ឋានរណ្តៅដីខាងលើនេះ បើទោះជាការជីកដើម្បីស្ដារប្រឡាយឬធ្វើប្រឡាយថ្មី ក៏ដូចជា ការយកអាចម៍លក់យ៉ាងណាក៏ដោយសកម្មភាពជីកយកអាចម៍ដីនោះមានរណ្ដៅដីជ្រៅ និងច្រើនដុំ ច្រើនកន្លែង ក្រហេងក្រហូង ដូចរន្ធបាយខុម។ រថយន្តរាប់សិបគ្រឿងដឹកជញ្ជូនអាចម៍ដី ដូចកណ្ដៀរដែលជញ្ជូនដីដើម្បីធ្វើដំបូកអញ្ជឹង

នៅក្នុងចំណោមរថយន្តរាប់សិបគ្រឿងទាំងនោះ ភាគ ច្រើនលើសលប់ មិនបានគ្របឲ្យបានត្រឹមត្រូវនោះទេ។ រថយន្តដែលបើកបរប្រជែងគ្នានៅលើផ្លូវ ហានីភ័យខ្លាំងបំផុតសុវត្ថិភាពអ្នកធ្វើដំណើរតាមពីក្រោយនោះផងដែរ។

មិនតែប៉ុណ្ណោះអាចម៍ ដីដែលធ្លាក់មកលើផ្លូវ ក៏ធ្វើឲ្យប៉ះពាល់ដល់ការគិតខិតខំប្រឹង ប្រែងរបស់អាជ្ញាធរស្រុកបាធាយ ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម នៅពេលដែលមានប្រតិភូជាតិ ឬអន្តរជាតិឆ្លងកាត់ផ្លូវជាតិលេខ៦Aត្រង់ចំណុចខាងលើនេះ។

នៅវេលាថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២៥ លោក អូត ឈាងលី អភិបាលស្រុកបាធាយបានប្រាប់បណ្តាញព័ត៍មានតាមទូរសព្ទ័ថា៖ការដ្ឋានជីកយកដីខាងលើនេះ មានច្បាប់ទម្លាប់ត្រឹម ត្រូវ ហើយមានអាជ្ញាប័ណ្ណចេញដោយរដ្ឋបាលខេត្តកំពង់ចាមទៀតផង។ លោកអភិបាលស្រុកសង្កត់ធ្ងន់ថាប្រជាពលរដ្ឋនៅជុំវិញតំបន់នេះខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រែ ក៏បានស្នើសុំឲ្យមានការជីកដើម្បីឲ្យមានប្រព័ន្ធមេទឹក។ ដូច្នេះប្រជាពលរដ្ឋក៏បានស្នើសុំទៅមន្ទីរជំនាញ ក្នុងការធ្វើប្រព័ន្ធមេទឹកសម្រាប់ស្រោចស្រពស្រូវ របស់ពួកគាត់។

លោកអភិបាលស្រុកបានបន្ថែមថា រដ្ឋបាលស្រុកតែងតែអប់រំណែនាំជាញឹកញាប់ អំពីបញ្ហា នៃការដែលត្រូវដឹក ជញ្ជូនគ្របតង់ដើម្បីកុំឲ្យធ្លាក់អាចម៍ដីលើផ្លូវជាតិច្រើនលើកមកហើយ   លោកបន្តថា ចាំមើលខ្ញុំឲ្យគេទៅមើលទៀតពីព្រោះយើងបានអប់រំណែនាំច្រើនដងហើយរឿងជ្រុះអាចម៍ដីនេះ និងបន្ថែមទៀតថា រដ្ឋបាលស្រុកនិងកោះហៅក្រុមហ៊ុនដឹកជញ្ជូនមកណែនាំបន្ថែមទៀត រឿងគ្របតង់ឱ្យបានត្រឹមត្រូវពេលដឹកជញ្ជូន។

បើទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអ្នកធ្វើដំណើរក៏ដូចជាសហគមន៍នៅជិតតំបន់នោះ មិនសប្បាយចិត្តនៅពេលដែលឃើញក្បួនរថយន្ត ដឹកជញ្ជូនអាចម៍ដីអើត ក្បាល ឡានចេញមក ពួកគាត់មានសេចក្តីព្រួយបារម្ភទៅហើយ។ ជួនកាលអ្នកបើកបររថយន្តដឹកដីទាំងនោះបើកប្រជែងគ្នានៅលើដងផ្លូវ ដែលងាយនឹងបង្កគ្រោះ ថ្នាក់ដល់អ្នកធ្វើដំណើរ។ នៅពេលដែលរថយន្តមិនបានគ្របតង់ឲ្យបានត្រឹមត្រូវនោះ នឹងមានអាចម៍ដីជ្រុះធ្លាក់ មកហើយបង្កឲ្យរអិលដួលដល់អ្នកធ្វើដំណើរ គួរតែមានការប្រយត្ន័អំពីអាយុជីវិតទាំងអស់គ្នាព្រោះដងផ្លូវតំបន់ខាងលើនេះអ្នកធ្វើដំណើរច្រើនណាស់

ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយពិនិត្យអំពីបញ្ហាសុវត្ថិភាពសម្រាប់អ្នក ធ្វើដំណើរនៅចំណុចខាងលើ ដែលមានរថយន្តដឹកដីជាច្រើនគ្រឿងចេញចូលនោះផង៕