ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ឆ្នាំ​២០១៩

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ១៥ ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​សុខុមាលភាព​គ្រួសារ ជា​កត្តា​លី​ក​រ ក្នុងកា​អនុវត្ត​ប្រព័ន្ធ​គាំពា​សង្គម​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល នៃ​គណ​អភិបាល​ខេត្ត​កំពត និង​លោកស្រី​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត នាយក​រដ្ឋបាលខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ អតីត​មន្ត្រីរាជការ​សី​ុ​វិល និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៦០០​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​អំពាវនាវ​ដូចខាងក្រោម​៖
១. គ្រួសារ និង​សហគមន៍​នី​មួយៗ ត្រូវ​ពង្រឹង​នូវ​ស្មារតី​សាមគ្គីភាព​ល្អ យកចិត្តទុកដាក់​អប់រំ​សីលធម៌ និង​ប្រពៃណី​ទំនៀម​ទំលាប់​ល្អ របស់​ខ្មែរ​យើង និង​ផ្តល់​ការអប់រំ​រៀនសូត្រ​ទាំង​ចំណេះដឹង​ទូទៅ និង​ជំនាញ​វិជ្ជាជីវៈ ដល់​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។​
២. មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ត្រូវ​បន្ត​ជំរុញ​ការអនុវត្តន៍ គោលនយោបាយ​ជាតិ​ស្តីពី​គ្រួសារ ពង្រឹង និង​ពង្រីក​សេវា​សុខុមាលភាព​សង្គម​សម្រាប់​ជន​ក្រីក្រ​រងគ្រោះ និង​ងាយ​រងគ្រោះ និង​បង្ក​លក្ខណៈសម្បត្តិ​កាន់តែ​ល្អប្រសើរ ជូន​គ្រួសារ​ក្នុង​ការកសាង​ជីវភាព​ស្រប​ទៅ​និង​ការអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ចជាតិ​។​
៣. មន្ទីរ អង្គភាព អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សប្បុរសជន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ សូម​បង្កើត​សកម្មភាព​មនុស្សធម៌ អោយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​
៤. គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ និង​ឯកជន សូម​ជួយ​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​អំពី​តួនាទី និង​កាតព្វកិច្ច​របស់​មាតាបិតា​ក្នុង​ការអប់រំ​កូនចៅ ព្រមទាំង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គម​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលខេត្ត និង​លោកស្រី ក៏​បាន​ឧបត្ថម្ភ​ថវិកា ចំនួន​១០​លាន​រៀល ដល់​ប្រជាពលរដ្ឋ​៥០០​គ្រួសារ ដោយ​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ​៕