
ពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ នៅបរិវេណវត្តចន្លោង ស្ថិតនៅក្នុងសង្កាត់ស្រង៉ែ លោក ហាយ យង់ អភិបាលរងក្រុង និងជាតំណាងអោយ លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិស្រង៉ែ ភូមិថ្នល់ និង ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងដោយមានការ ចូលរួមមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ ភូមិថ្នល់ ភូមិស្រង៉ែ និងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប នាពេលនេះ ក៏សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលនាំឱ្យកម្ពុជាយើង ទទួលបាននូវសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស ទើបយើងមានឱកាសក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ហើយក៏សូមថ្លែងអំណរ គុណដល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុត ក្នុងការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ ដល់ដំណើរការនៃចុះបញ្ជីដីធ្លី ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពល រដ្ឋ ស្របតាមគោលនយោបាយជាតិ ស្តីពីដីធ្លី និងច្បាប់ភូមិបាលកម្ពុជា។ ដោយឡែកក្នុងភូមិសាស្ត្រក្រុងសៀមរាប មានចំនួន ១២សង្កាត់ បានចាប់ផ្តើមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាំងពីឆ្នាំ២០០៤ រហូត មកដល់ឆ្នាំ២០២៣នេះ គឺបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ រួចរាល់ បានចំនួន ៧ សង្កាត់ ដែលមានក្បាលដីសរុបស្មើនឹង ៦១៩៣៤ក្បាលដី។
លោក អភិបាលរងខេត្ត ក៏បានបន្តអំពាវនាវដល់លោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះអោយបានគ្រប់ៗគ្នា ហើយក្នុងករណីមានការបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមលោកយាយ លោកតា អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅធ្វើឯកសារបញ្ជាក់ អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត (ឯ.អ)នៅរដ្ឋបាលសង្កាត់ ៕