ក្រុមហ៊ុនស៊ីនទ្រី ចាប់ដំណើរការ ថ្ងៃដំបូងនៅក្រុងប៉ោយប៉ែត ដោយប្រើប្រាស់រថយន្តអនាម័យសរុប១៧គ្រឿង និងបុគ្គលិកជាង១០០នាក់

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ស៊ីន ទ្រី ចាប់ដំណើរការថ្ងៃដំបូងនៅក្រុងប៉ោយប៉ែត ដោយប្រើប្រាស់រថយន្តសម្រាប់ប្រមូលសំរាមចំនួន១៥គ្រឿង រថយន្តបោសលាងសំអាតផ្លូវចំនួន០២គ្រឿងនិងបុគ្គលិកជាង១០០នាក់ ដើម្បីសំអាតនិងកែមុខមាត់ថ្មី សំរាប់ក្រុងប៉ោយប៉ែត ដែលមានអាជ្ញាធរ សមត្ថកិច្ចចំរុះ ធ្វើពលកម្ម រើស និងលាងសំអាតតាមបណ្តោយផ្លូវជាតិលេខ៥ ពីចំណុចមុខវត្តបាលិលេយ្យ ដល់វង្វង់មូលក្រុងប៉ោយប៉ែត។

ក្នុងថ្ងៃដំណើរដំបូងនេះក្រុមហ៊ុនអនាម័យស៊ីនទ្រី ដែលមកជំនួសក្រុមហ៊ុន ឃ្យូងធាវី លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរភូមិ.សង្កាត់ ត្រូវចូលរួមសហការជាមួយក្រុមហ៊ុន ស៊ីន ទ្រី ចុះស្រង់ឈ្មោះតាម ផ្ទះល្វែង ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយ៍ដ្ឋាន សាលារៀន ក្រុមហ៊ុន នឹងណែនាំឲ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃសេវាកម្មអោយក្រុមហ៊ុនប្រមូលសំរាមឲ្យបានទៀងទាត់ និងទាន់ពេលវេលា។