
យុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “ការពារជីវិត និងពិការពីគ្រោះថ្នាក់ចរាចរណ៍”
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អមដំណើរដោយ លោក លោកស្រី ជាសមាជិកនៃគណៈកម្មការសាខាបាកបាទក្រហមកម្ពុជា ជាច្រើនរូប បានចូលរួមធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “ការពារជីវិត និងពិការពីគ្រោះថ្នាក់ចរាចរណ៍” ដែលពិធីនេះបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលាខេត្តកំពត។
លោក ជាវ តាយ ប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សិត អាជីវករ និងសាធារណៈជនឲ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសគឺត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ ហើយបើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមក មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិជនពិការ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការ ស្លាប់ និងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលជាកត្តាធ្វើឲ្យមានភាពក្រីក្រនៅកម្ពុជា។
សូមជម្រាបថា៖ យុទ្ធនាការសុវត្ថិភាពចរាចរណ៍ ស្តីពី”ការពារជីវិត និងពិការពីគ្រោះថ្នាក់ចរាចរណ៍” ក៏មានវត្តមានចូលរួមពីសំណាក់ លោកស្រី ប្រធាន អនុប្រធាន សមាជិកគណៈកម្មការសាខា ស្នងការនគរបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អនុសាខាក្រុង ចៅសង្កាត់ទាំង០៥ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អង្គការអេប៉ិចអាត និងប្រជាពលរដ្ឋ សរុបប្រមាណ១៤៥នាក់ផងដែរ៕
