
បឹងឈូកដែលជាបឹងធម្មជាតិរបស់រដ្ឋ ត្រូវបុគ្គលឈ្មោះ សំ អេន យកត្រាក់ទ័រមកឈូសឆាយផ្គើននឹងអាជ្ញាធរទៀតហើយ
(ខេត្តកំពត)៖ សកម្មភាពបុគ្គលខិលខូចយកត្រាក់ទ័រទៅភ្ជួរដីបឹងធម្មជាតិរបស់រដ្ឋ ត្រូវបានផ្អាកសកម្មភាព និងដកថយទាំងតក់ក្រហល់ស្ទើព្រលឹងចង់សក់ បន្ទាប់ពី លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បញ្ជាដល់កម្លាំងសមត្ថកិច្ចឲ្យទៅបង្ក្រាប កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងការរំលោភទន្ទ្រានមិនឈប់ឈរនេះ មហាជនបានលើកឡើងថា លើកនេះអាជ្ញាធរពិតជារកឃើញអ្នកទន្ទ្រានដីបឹងឈូករបស់រដ្ឋយ៉ាងច្បាស់ក្រឡែកហើយ តើរដ្ឋបាលដែនដីគួរចាត់វិធានការជាមួយជនខិលខូចដោយរបៀបណា?។ហើយគេក៏ឆ្ងល់ដែរថា..គាត់ម្នាក់ហ្នឹងអីក៏ថ្លើមធំម្លេះ ម្តេចហ៊ានជួលត្រាក់ទ័រឲ្យចុះភ្ជួរដីបឹងទាំងបំពានប្រៀបបាននឹងផ្គើនជាមួយអាជ្ញាធរ ចុះបើឃើញសកម្មភាពស្រស់ៗនឹងភ្នេកបែបនេះទៅហើយ អាជ្ញាធរនៅចាំអីទៀត មិនគួររង់ចាំដល់យប់យន់នាំឲ្យសុបិនច្រើននោះទេ គឺចាត់ការឲ្យទាន់ក្តៅៗ បើទុកផ្អាប់យូរគ្មានឱកាសទៀតទេ។
មហាជនទូទាំងស្រុកខាងលើ បានសំដែងភាពងឿងឆ្ងល់កាន់តែខ្លាំង ខណៈដីបឹងធម្មជាតិរបស់រដ្ឋស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ ហ៊ានជួលត្រាក់ទ័រមកឲ្យភ្ជួរក្នុងបឹងឈូក នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី ហាក់គ្មានខ្លាចញញើតអី្វបន្តិចសោះ ឬមួយបុគ្គលមួយគ្រួសារនេះមានអ្នកកាងនៅពីក្រោយ ហើយអ្នកកាងនោះជា ឯកឧត្តមណាទៅ.ម្តេចថ្លើមធំម្លេះ នៅស្រួលមិនចង់ស្រួល បែរជាមកជំរុញឲ្យពលរដ្ឋមករំលោភយកដីបឹងធម្មជាតិរបស់រដ្ឋទៅវិញ ដូច្នេះគួរវែកមុខរកឲ្យឃើញ។
ចំពោះករណីទន្ទ្រានដីបឹងឈូក ស្ថិតចំណុចខាងលើ បើទោះជាមានសភាពក្តៅគគុកបែបនេះក្តី ប៉ុន្តែមហាជនភាគច្រើនហាក់មានការងឿងឆ្ងល់ ខណៈអាជ្ញាធរស្រុកកំពង់ត្រាច មិនទាន់មានវិធានការទប់ទល់ជាមួយបុគ្គលមួយគ្រួសារនោះទៅតាមច្បាប់ទម្លាប់ ព្រោះកន្លងមកបុគ្គលមួយគ្រួសារដែលកំពុងទន្ទ្រានដីបឹងធម្មជាតិរបស់រដ្ឋ ដូចជាមានភាពក្អេងក្អាង មិនខ្លាចញញើតនឹងច្បាប់អ្វីបន្តិចឡើយ។
មហាជនបានលើកឡើងផងដែរថា បង្គោលដែលជនខិលខូចបោះធ្វើជាព្រំដីសម្រាប់កំណត់ទីតាំងរំលោភទន្ទ្រាននោះមានច្រើនបង្គោលណាស់ ចុះហេតុម្តេចអាជ្ញាធរនិងជំនាញ មិនហ៊ានដកចេញឬមួយទុកសម្រាប់ឲ្យបុគ្គលខិលខូចងាយស្រួលទន្ទ្រានយកបឹងឬយ៉ាងណា.?
គេបានលើកឡើងទៀតថា ការទប់ស្កាត់ដើម្បីរក្សាបឹងធម្មជាតិឲ្យនៅដូចដើម គឺងាយស្រួលបំផុត ដោយគ្រាន់តែបង្កើតគណៈកម្មការ ដើម្បីដកបង្គោលចេញ ឬការស្តារបឹងធម្មជាតិទៅតាមគោលការណ៍ជំនាញបច្ចេកទេស និងការកំណត់ព្រំប្រទល់ឲ្យបានជាក់លាក់ រវាងដីបឹងឈូករបស់រដ្ឋ និងដីកម្មសិទ្ធិ រួចទូន្មានដល់អ្នករំលោភបឹងឲ្យគោរពនូវគោលការណ៍របស់អាជ្ញាធរ បើគាត់មិនអនុវត្តតាមគឺចាត់ការតាមផ្លូវច្បាប់ទៅវានឹងចប់រឿងទៅហើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋចំនួន៣៧គ្រួសារ ដែលធ្លាប់ឡើងទៅតវ៉ាប្តឹងជំទាស់នៅសាលាស្រុកកំពង់ត្រាច និងប្រជាពលរដ្ឋរាប់រយគ្រួសារទៀត បាននិងកំពុងសំណូមពរដល់រដ្ឋបាលស្រុក ធ្វើយ៉ាងណាជួយដោះស្រាយរឿងដីបឹងឈូកនេះឲ្យបានចប់សព្វគ្រប់ មិនត្រូវបណ្តែបណ្តោយយូរបែបនេះឡើយ៕



