(គេហទំព័រ ពន្លឺខ្មែរអមត:)ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជោងគោក ប្រកាសដំណឹងល្អចំពោះបងប្អូនដែលប្រើប្រាស់រថយន្តចង្កូតស្តាំក្នុង ខ.ភ.ម បញ្ជាការដ្ឋានកងទ័ពជើងគោក

ចេញផ្សាយថ្ងៃអង្គារ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 092311692៖0882799939

រាជធានីភ្នំពេញ ៖ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អង្គភាពកងទ័ពក្រោមឱវាទ អំពីការបញ្ចុះតម្លៃសម្រាប់ការកែចង្កូតរថយន្តពាក់ផ្លាកលេខ ខ.ម. ពីស្តាំទៅឆ្វេង ដើម្បីឱ្យមានភាពស្រប ច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវនៅកម្ពុជា។

តាមសេចក្ដីជូនដំណឹងដដែលបានបន្តថា អង្គភាពកងទ័ពក្រោមឱវាទបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវផ្ដល់ព័ត៌មានលម្អិតអំពីរថយន្តចង្កូតស្ដាំដែលពាក់ស្លាកលេខ ខ.ម. ទាំងអស់ ដែលត្រូវកែចង្កូតពីស្តាំទៅឆ្វេង ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ប្រការនេះជាការជួយសម្រាលបន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខ ខ.ម.។

ការទទួលបានការបញ្ចុះតម្លៃលើការកែចង្កូតពីស្តាំទៅឆ្វេងនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពគោក បានប្រជុំពិភាក្សាជាមួយឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL ដើម្បីរកដំណោះស្រាយក្នុងការបញ្ចុះតម្លៃលើការប្តូរចង្កូតរថយន្តពីស្តាំមកឆ្វេងតាមលក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត កាលពីពេលថ្មីៗនេះ។ លោកឧកញ៉ា តែ តាំងប៉ បានយល់ព្រមធ្វើការបញ្ចុះតម្លៃពិសេសលើថ្លៃប្តូរចង្កូត រថយន្តសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្តាំក្រោមស្លាកលេខ ខ.ម. ទៅតាមប្រភេទ និងឆ្នាំផលិត ដោយធានាលើគុណភាពសម្ភារៈ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត ដើម្បីអាចធ្វើចរាចរណ៍លើដងផ្លូវប្រកបដោយសុវត្ថិភាព។

សេចក្ដីជូនដំណឹងដដែលបានបន្តថា ម្ចាស់រថយន្តដែលមានបំណងស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្តូរចង្កូត រថយន្ត ត្រូវធ្វើសំណើមកកាន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីបំពេញលក្ខខណ្ឌទទួលបានការបញ្ចុះ តម្លៃនេះ៕