សាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាំយកអំណោយមកផ្តល់ជូនក្រុមគ្រួសារ លោក កុល សុខុម នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃធំ ដែលទទួលមរណភាពដោយជំងឺ
(ខេត្តកែប)៖ លោក កុល សុខុម អាយុ៥០ឆ្នាំ ជានាយប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ព្រៃធំ ក្រុងកែប បានទទួលមរណភាពដោយរោគាពាធ កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ត្រូវបាន លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយហការីជាច្រើនរូប បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសព លោក កុល សុខុម នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់ព្រៃធំ និងបាននាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនសម្រាប់ចាត់ចែងធ្វើបុណ្យទានតាមប្រពៃណី នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងលំនៅស្ថានរបស់សព ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
អំណោយដែលផ្តល់ជូនដល់ក្រុមគ្រួសារសពលោកនាយប៉ុស្តិ៍ រួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកត្រី១ឡូត៍ ទឹកសីុអីុវ១ឡូត៍ ទឹកក្រូច១កេះ ត្រីខ២ឡូត៍ ទឹកសុទ្ធ៥កេះ មី២កេះ និងថវិកាចំនួន២លានរៀលផងដែរ។
លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្នុងឱកាសនោះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ក្រុមគ្រួសារសព លោក កុល សុខុម ជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃធំ ដែលទទួលមរណភាពដោយជំងឺ។
ជាមួយគ្នានេះ លោក កែន សត្ថា បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះមនុស្សជាទីស្រលាញ់ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕