តំណាង អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ខេត្តសៀមរាប នាំអំណោយមនុស្សធម៍ ទៅប្រគល់ជូនគ្រួសារ ដែលរងគ្រោះដោយ អគ្គីភ័យឆេះផ្ទះ កាលពីម្សិលមិញ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ លោក នួន ពុទ្ធារ៉ា តំណាងអោយក្រុមការងារកាកបាទក្រហមកម្ពុជា និងជាអភិបាលក្រុងសៀមរាប រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំអំណោយមនុស្សធម៍ របស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប និង សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទៅប្រគល់ជូនក្រុម គ្រួសារលោក ស៊ិន វឌ្ឍនា អាយុ៣៧ឆ្នាំ ដែលរងគ្រោះដោយ អគ្គីភ័យ ឆេះផ្ទះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
អំណោយសប្បុរសធម៍ ដែលនាំទៅប្រគល់ជូន រួមមាន
-អនុសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
អង្ករចំនួន២៥គីឡូក្រាម/មុងចំនួន១/ភួយចំនួន១/សារុងចំនួន១ /ក្រមាចំនួន១/កន្ទេលចំនួន១/សង្កសីចំនួន១០សន្លឹក/ធុងទឹកចំនួន២/ឆ្នាំងចំនួន១/ចានចំនួន៥/ស្លាបព្រាចំនួន៥/ថវិកាចំនួន១០០ ០០០រៀល
-អំណោយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប រួមមាន អង្ករចំនួន៥០គ.ក មី២កេះ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៉ីវចំនួន១យួរ ទឹកបរិសុទ្ធចំនួន២យួរ ថវិកាចំនួន២០០ ០០០រៀល ។
ជាមួយគ្នានេះ លោកអភិបាលក្រុងសៀមរាបក៏បានឧបត្ថម្ថថវិការចំនួន២០០ ០០០រៀល ដែលជាថវិការរផ្ទាល់ខ្លួន របស់លោកអភិបាល ជូនដល់គ្រួសាររងគ្រោះ ផងដែរ ។
ក្នុងនាមតំណាង អោយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង/ខេត្តសៀមរាប និងជាអភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា បានចូលរួមសោកស្តាយ ជាមួយក្រុមគ្រួសាររងគ្រោះ និងបានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អោយបង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះករណីគ្រោះអគ្គីភ័យ។
ជាមួយគ្នានេះលោកអភិបាលក្រុងសៀមរាប ក៏បានណែនាំឲ្យ អាជ្ញាធរមូលដ្ឋាន នៅតាមភូមិ សង្កាត់ ទូទាំងក្រុងសៀមរាប បង្កើនសកម្មភាពអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ បន្ថែមទៀត អំពីការត្រៀមវិធានការ បង្ការទប់ស្កាត់កុំ អោយរងគ្រោះ ពីគ្រោះអគ្គិភ័យផងដែរ។